សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ ចំនួន២៧
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃពុធទី២៥ ខែតុលា ឆ្នាំ២០២៣។
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កិច្ចពមពៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជា ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ ដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង គណបក្សចំនួន ២៨ ដែលរួមមាន ៖
១- គណបក្សប្រជាជនកម្ពុជា
២- គណបក្សខ្មែររួបរួមជាតិ
៣- គណបក្សពន្លឺថ្មី
៤- គណបក្សសញ្ជាតិកម្ពុជា
៥- គណបក្សខ្មែរក្រោក
៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៧- គណបក្សរស្មីខេមរា
៨- គណបក្សខ្មែរសាធារណរដ្ឋ
៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១០- គណបក្សយុវជនកម្ពុជា
១១- គណបក្សធម្មាធិបតេយ្យ
១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៣- គណបក្សខ្មែរតែមួយ
១៤- គណបក្សឯកភាពជាតិខ្មែរ
១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ
១៦- គណបក្សកសិករ
១៧- គណបក្សស្ត្រីដើម្បីស្ត្រី
១៨- គណបក្សបំណងពលរដ្ឋ
១៩- គណបក្សខ្មែរអភិរក្ស
២០- គណបក្សមហាសាមគ្គីជាតិខ្មែរ
២១- គណបក្សនគរប្រជាធិបតេយ្យ
២២- គណបក្សអំណាចប្រជាពលរដ្ឋ
២៣- គណបក្សខ្មែរអង្គរ
២៤- គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ
២៥- គណបក្សម៉ូលីណាកា
២៦- គណបក្សចលនាប្រជាធិបតេយ្យ
២៧- គណបក្សអភិវឌ្ឍន៍កម្ពុជា
២៨- គណបក្សមហានគរ
បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាដូចតទៅ៖
១-ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់
គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
២- ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។
៣- ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។
៤- រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក្រ កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។
៥- សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។
៦- គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ច សហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំង គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែល ប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។
៧- កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី ។
៨- បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ។ កិច្ចព្រមព្រៀងនេះមានអានុភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគណបក្ស២៧ផ្សេងទៀត និងឆ្លើយសំណួរជាមួយអ្នកសារព័ត៌មាន៖
* សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរដល់គណបក្សទាំង២៨ ដែលរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ។
* សម្តេចតេជោថ្លែងថា គណបក្សទាំងអស់មិនស្ថិត នៅការគ្រប់គ្រងគណបក្សណាមួយទេ គឺស្មើសិទ្ធិ ស្មើភាពគ្នា មិនមែនស្ថិតក្រោមគណបក្សប្រជាជនកម្ពុជា បើទោះបីជាបក្សប្រជាជនកំពុងកាន់អំណាចក្តី និងមានធនធានហិរញ្ញវត្ថុក្តី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញអនុប្រធានបក្សប្រជាជនទាំង៤រូប ចូលរួមនៅពេលនេះដែលមានចំនួនច្រើនជាងបក្សដទៃ គឺក្នុងនាមជាម្ចាស់ផ្ទះ ជាការទទួលភ្ញៀវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គណបក្សផ្សេងទៀតអាចនឹងរងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីគណបក្សប្រជាជន មានធនធានមនុស្សច្រើន និងមានធនធានហិរញ្ញវត្ថុ តែមិនបានមើលឃើញគណបក្សផ្សេងៗថាតូច មិនមែនជាដៃគូរបស់ខ្លួននោះទេ គឺស្មើភាព និងស្មើសិទ្ធិគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើងចុះកិច្ចព្រមព្រៀងនេះ គឺមានការគ្រប់ដណ្តប់ក្នុងរដ្ឋធម្មនុញ្ញ។
* សម្តេចបានចោទជាសំណួរថា សម្តេចមិនយល់ចំនួនមនុស្សមួយចំនួន ដែលបានបកស្រាយមិនត្រឹមត្រូវ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដោយសម្តេចបានរំលឹកពីដំណើរការនៃការចុះកិច្ចព្រមព្រៀងទៀតទីក្រុងប៉ារីស។
* សម្តេចបានចាត់ទុកការបកស្រាយរបស់ក្រុមមួយចំនួននោះ គឺបំពានលើភាពជាក់ស្តែង នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបានសម្តេចចង់បានការគោរពនូវសច្ចភាពនៅអ្វីដែលបានឆ្លងកាត់ ហើយពេលនេះកម្ពុជាគោរពតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។
* សម្តេចបានថ្លែងថា សម្តេច និងសម្តេចនរោត្តម សីហនុ គឺជាតួឯង២នាក់ដែលសំខាន់ នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកសង្កត់លើរដ្ឋធម្មនុញ្ញកម្ពុជា គឺជារឿងមិនត្រឹមត្រូវទេ។
* សម្តេចបានថ្លែងថា ក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយបក្សនយោបាយទាំង២៨ មានចំណុចដែលតម្រូវឱ្យមានការពាររបបរាជនិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមប្រឆាំងបានបំពាន និងប្រមាថលើព្រះមហាក្សត្រ រួមទាំងការទាមទារឱ្យព្រះមហាក្សត្រ ដាក់រាជជាដើម។
* សម្តេចតេជោបានថ្លែងថា ការពាររបបរាជានិយមបានទាមទារឱ្យមានចលនាជាតិនិយមមួយ ដែលទាមទារឱ្យគណបក្សនយោបាយចូលរួមផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការពារទឹកដី ការពារសន្តិភាព និងស្ថិរភាព គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា «ពេលមានសន្តិភាព គេមិនសូវនឹកពីតម្លៃនៃសន្តិភាពទេ ប៉ុន្តែពេលមានសង្គ្រាមទើប គេនឹករកសន្តិភាព»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណាក៏ដោយដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើងទាមទារនៅពេលនេះ គឺកម្លាំងជាតិ និងកម្លាំងបក្សនយោបាយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពនេះ គឺត្រូវការពារសន្តិភាព ឱ្យខាងតែបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនា៩វិច្ឆិកា ដែលជាចលនានៃការផ្តួលរំលំរាជរដ្ឋាភិបាល គឺមិនត្រូវអត់ឱនទេ ហើយតុលាការកំពុងបន្តដំណើរការលើរឿងក្តីនេះ។
* សម្តេចតេជោ ហ៊ុន សែន បានជូនសារដល់បរទេស និងអង្គការមួយចំនួន ឱ្យឆាប់ដកខ្លួនចេញពីចលនាបដិវត្តពណ៌ យើងមិនអាចទទួលយកបានទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយជ្រុលនិយម គឺជាការនាំឱ្យកើតបដិវត្តន៍ពណ៌ ដែលយើងត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ចោល។
* សម្តេចបានអំពាវនាវឱ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ឬគណបក្សប្រជាជន ពិតជាលំបាកណាស់ក្នុងការគាំទ្រ លើអ៉ីស្រាអែល ឬក្រុមហាម៉ាស របស់ប៉ាឡេស្ទីន ដោយសារតែមានចលនាជ្រុលនិយម។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយ សម្រាប់សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង២៨ ដែលចុះព្រមព្រៀងនេះ រួមមានទាំងការជួបប្រជុំ ទីតាំងជួបជុំ រយៈពេលជួបប្រជុំជាដើម។
* សម្តេចបានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺបើកទូលាយឱ្យគណបក្សផ្សេងទៀត ចួលរួមក្នុងសម្ព័ន្ធភាព ដែលត្រូវទាមទារឱ្យមានការស្រុះស្រួលគ្នាមួយ ដែលទាមទារឱ្យមានបទបញ្ជាផ្ទៃក្នុងមួយថា តើជ្រើសរើសយកការសម្រេចបែបកុងសង់ស៉ីស ឬ៥០បូក១?
ខាងក្រោមជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបសំណួរអ្នកសារព័ត៌មាន៖
* សម្តេចតេជោ ហ៊ុន សែន ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងត្រូវការកម្លាំងមួយដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាងពាក់កណ្តាលនៃគណបក្សនយោបាយដែលមាននៅកម្ពុជា ដែលបានចងសម្ព័ន្ធភាពជាមួយគ្នានាពេលនេះ
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាយើងខុសគ្នាត្រង់ចំណុចនេះចំណុចនោះ ប៉ុន្តែយើងស្របគ្នានូវចំណុចធំ សម្រាប់ប្រទេសយើង បើសិនដូចគ្នាទាំងស្រុងវាមិនចាំបាច់មានគណបក្សផ្សេងនោះទេ
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចងសម្ព័ន្ធនេះមិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពរបស់គណបក្សនយោបាយខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ព័ន្ធភាពរវាងបក្សនយោបាយ២៨ គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសរបស់យើង
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាណត្តិមុន សម្តេចផ្តួចផ្តើមបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានសមាជិកមកពីគណបក្សចូលរួមការបោះឆ្នោត ប៉ុន្តែអាណត្តិនេះ នាយករដ្ឋមន្រ្តីថ្មី មានគំនិតមួយទៀត ដែលយកសមាសភាពគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាសភាពថ្មី ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាឱកាសសម្រាប់បក្សនយោបាយទាំងអស់ផ្តល់ធាតុចូលរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចុះហត្ថលេខាលើសម្ព័ន្ធភាពថ្ងៃនេះ គឺស្ថិតនៅក្នុងគោលដៅមួយចំនួន ដែលយើងបានដាក់ចូលទៅក្នុងកិច្ចព្រមព្រៀងនេះ ដែលនឹងធ្វើការសហការជាមួយគ្នាក្នុងគោលដៅទូលាយ ដូចជាការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ឯករាជ្យ អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍ និងការកម្ចាត់ចោលនយោបាយជ្រុលនិយម ដែលគ្រោះថ្នាក់រយៈពេលវែងសម្រាប់កម្ពុជា ហើយមិនគួរឱ្យកើតមានឡើងចំពោះកម្ពុជាទៀតទេ
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មេចលនាជ្រុលនិយម ពេលនេះអាយុ៧៥ហើយ មិនអាចមាន១០ឆ្នាំច្រើនដងទៀតទេ តែបើមេជ្រុលនិយមងាប់ នោះកូនវាក៏មិនមែនទៀតដែរ។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្លាំង២៨គណបក្ស ដែលមានសមាជិករាប់លាននាក់ នឹងក្លាយជាកម្លាំងធំមួយ ដើម្បីទប់ស្កាត់កម្លាំងនយោបាយជ្រុលនិយម ហើយក្រុមជ្រុលនិយម ក៏មិនអាចមកពង្រីកកម្លាំងបាន ហើយផ្ទុយទៅវិញនឹងរំលំរលាយទៅ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សនយោបាយទាំង២៧ ដែលចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជាកូនចៅគណបក្សប្រជាជនកម្ពុជាទេ ហើយក៏មិនមានការប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនោះទេ ផ្ទុយទៅវិញវានឹងធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា កាន់តែល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបក្សនយោបាយ ដែលចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា រៀបចំទូកង ប្រគួតប្រជែងគ្នា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ។
* សម្តេចបញ្ចប់សន្និសីទ សារព័ត៌មាន នៅម៉ោង១០៖៣៣នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៕