ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំឡេងផ្ទុះយាន្ត នៅលើមេឃ ក្នុងភូមិសាស្ដ្រស្រុកគូលែន ធ្លាក់បំណែកលើផ្ទះ និងដីប្រជាពលរដ្ឋ

151


ព្រះវិហារ ៖ មានសំឡេងផ្ទុះដ៏កក្រើកមួយ ​នៅលើអាកាស ក្នុងភូមិសាស្ដ្រស្រុកគូលែន រួចហើយបានប្រទះឃើញបំណែកជាប្រភេទអាលុយមីញ៉ូម និងជ័រ ធ្លាក់មករាយប៉ាយនៅលើដី និងបំណែកខ្លះទៀតធ្លាក់នៅចំដំបូងផ្ទះប្រជាពលរដ្ឋ នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ក្នុងភូមិសាស្ដ្រឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្នុងហេតុការណ៍នោះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលតែប៉ុណ្ណោះ។

អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនទាន់អាចសន្និដ្ឋានយ៉ាងច្បាស់ថា តើបំណែកទាំងនេះ ជាអ្វីពិតប្រាកដនោះទេ គ្រាន់តែចាត់ទុកថា ជាបំណែកយាន្ដម្យ៉ាង ខណៈដែលមជ្ឈដ្ឋានជាច្រើន រួមទាំងប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ចាត់ទុកថា ជាបំណែកយន្ដហោះ។ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បូកទាំងប្រជាពលរដ្ឋផងនោះ បានស្វែងរកបំណែកយាន្ដធ្លាក់មកលើដី ចំនួន៩គោលដៅ ខ្លះធ្លាក់មកលើដីឡូត៍ ខ្លះធ្លាក់ចំដីចំការ និងខ្លះទៀតចំដំបូលផ្ទះប្រជាពលរដ្ឋតែម្ដង។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានប្រាប់ថា រហូតមកដល់ពេលនេះមន្ដ្រីជំនាញគ្រប់លំដាប់ថ្នាក់ មិនទាន់អាចសន្និដ្ឋានថា បំណែកទាំងនេះជាអ្វីពិតប្រាកដនោះទេ បើទោះបីយាន្ត ដែលធ្លាក់មកលើភូមិសាស្ត្រឃុំស្រយ៉ង់ ដោយបានរកឃើញបំណែកយាន្តចំនួន៩គោលដៅ ដែលធ្លាក់មកលើដីឡូតិ៍ ដីចម្ការ និងចំដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន១ខ្នងរួមមាន ទី១៖ ចំណុចផ្សារអីថន ស្ថិតក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន២ដុំទម្ងន់០,៦០ក្រាម ទី២៖ ចំណុចដីឡូតិ៍ផ្ទះរបស់ឈ្មោះ កេន កាន់ ភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន១ដុំ ទំហំ០,៩០គុណ០,៨១ ទម្ងន់៧,៥០គីឡូក្រាម ទី៣៖ លើដំបូលផ្ទះរបស់ឈ្មោះ អ៊ឹម ហាក់ ភូមិស្រយង់ត្បូង ចំនួន១ដុំទម្ងន់១,៣០គីឡូក្រាម ទំហំ១,២៣គុណ៥ហ៊ុន ទី៤៖ ដីចម្ការរបស់ឈ្មោះ ឃុន មុត ភូមិស្រយង់ត្បូង ទម្ងន់១២គីឡូក្រាម ទី៥៖ ចំណុចដីឡូតិ៍របស់ឈ្មោះអៀម កាក់ ភូមិស្រយង់ជើង ទម្ងន់២គីឡូក្រាម ទី៦៖ ដីឡូតិ៍របស់ឈ្មោះ បូ ជី ភូមិស្រយង់ជើង ចំនួន១ដុំ ទម្ងន់១,៥០គីឡូក្រាម ទី៧៖ ចំណុចជ្រៃក្ងោក ក្នុងចម្ការរបស់ឈ្មោះតាគង់ ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ចំនួន១ដុំ ទម្ងន់៧គីឡូក្រាម ទី៨៖ ចំណុចខ្នាវាំង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឌី សិដ្ឋ ចំនួន១ដុំទម្ងន់២,៥០គីឡូក្រាម ទី៩៖ ចំណុចស្រែផុង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឃីន តាប់ ចំនួន១ដុំប្រវែង២,៥០ម៉ែត្រ ទម្ងន់៨គីឡូក្រាម៕


អត្ថបទដែលជាប់ទាក់ទង