ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្សី និងកម្ពុជា គូសបញ្ជាក់អំពីសារសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក ដែលរួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ

35

 

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី បូរ៉ូ វីក ( Anatoly Borovik ) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ នេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនសហព័ន្ធរុស្ស៊ី ដែលរហូតមកតែងតែបានផ្ដល់ការគាំទ្រ ក្នុងការផ្ដល់ជំនួយទាំងផ្នែកស្មារតី សម្ភារៈ ដល់ប្រទេសកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ លើការងារអភិវឌ្ឍធនធានមនុស្សក្នុងជួរកងទ័ពដល់កម្ពុជា ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី អាណាតូលី បូរ៉ូ វីក ( Anatoly Borovik ) ជំនួសមុខឱ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បានសម្ដែងការអបអរសាទរចំពោះការចូលកាន់តំណែងថ្មីរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអាណត្តិទី៧ បន្តពីថ្នាក់ដឹកនាំជំនាន់ចាស់នៃអាណត្តិមុនៗ ។

ឯកឧត្តម អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី អាណាតូលី បូរ៉ូវិច បានបញ្ជាក់ជាថ្មី ចំពោះការប្ដេជ្ញាចិត្តរបស់សហព័ន្ធរុស្ស៊ី ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាបន្ថែមទៀត ហើយក៏ឆ្លៀតយកឱកាសនេះចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃនិស្សិតកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែលផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្ដែងនៅអំណរគុណ ដល់ឯកឧត្តម អាណាតូលី បូរ៉ូវិច ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ចំពោះសាររំលែកទុក្ខ ដោយបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងចាត់នីវរាល់វិធានការដើម្បីធានាសុខសុវត្ថិភាព ដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែល។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-រុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពអធិបតេយ្យគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ។

ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក ដែលរួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ វប្បធម៌ និងក្នុងចំណោមវិស័យជាច្រើនទៀត ។ ឯកឧត្តម អាណាតូលី បូរ៉ូវិច បានបញ្ជាក់ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថា ក្នុងស្មារតីនេះ ឯកឧត្តម បានជួបពិភាក្សាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយភាគីយើងទាំងពីរ បានឯកភាពគ្នាថា និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមរបស់យើងទាំងអស់គ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង