ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចយក​លុយនិងគ្រឿងអលង្កា​ ទៅសង​ធនាគារ ​ប្រពន្ធ ​កុហក​ប្តី​ថា ​មាន​ចោរ​ប្រដាប់​អាវុធ ​ប្លន់​យក​មាសប្រាក់​

112


បន្ទាយ​មាន​ជ័យ​៖​ ស្ត្រី​ម្នាក់​ជំពាក់​លុយ​ធនាគារ​ និង​ជំពាក់​បំណុល​គេ​ ផ្សេង​ទៀត​ បាន​ប្រើប្រាស់​ល្បិច​ កុហក​ប្តី​ចុង​ ថា​មាន​ចោរ​ប្រដាប់​អាវុធ​២​នាក់​ មក​ភ្ជង់​គំរាម​ប្លន់​យក​មាសប្រាក់​អស់ពី​ផ្ទះ​ នគរបាល​ ស្រាវជ្រាវ​ស៊ើបអង្កេត​ចំណាយពេល ​ប្រមាណ​២០​ម៉ោង​ ទើប​ដឹង​ថា​ ស្ត្រី​រូប​នោះ​ យក​មាសប្រាក់​ ទៅ​បញ្ចាំ​គេ​ យក​ប្រាក់​ទៅ​សង​ថ្លៃ​ធនាគារ​ រឿង​រកស៊ី​ និង​ជំពាក់​បំណុល​ រៀប​ការកូន​ស្រី​ប្តី​ដើម​ ទើប​ហ៊ាន​ បំភ្លៃ​សក្ខី​ក​បង្កើត​បទល្មើស​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលប្រជាពលរដ្ឋ​ពេញ​និង​ខេត្ត​បន្ទា​មាន​ជ័យ​ អាច​និង​ ប្រឈម​ទោស​ព្រហ្មទណ្ឌ​។​

​លោក​វរសេនីយ៍ទោ​ សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ស្រុក​ថ្មពួក​ បានប្រាប់​ឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ ត្រពាំង​សំរោង​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ មាន​ប្រជាពលរដ្ឋ​ប្តឹង​រាយការណ៍​ ថា ​មាន​កើតឡើង​នូវ​អំពើ​ប្លន់​ប្រដាប់​អាវុធ​ បុរស​២​នាក់​ជិះ​ម៉ូតូ​មក​ភ្ជង់​ និង​យក​ស្កុ​ត​ចាប់ចង​កូនស្រី​គំរាម​ប្លន់​ យក​មាសប្រាក់​ពី​ស្ត្រី​ម្នាក់​ ឈ្មោះ​ បុ​ណ​ ច​ន្ថា​ អាយុ​៣៧​ឆ្នាំ​ រួម​មានទ្រព្យ​សម្បត្តិ​ ដូច​ជា​ ខ្សែ​ក​មាស​ទម្ងន់​៥​ជី​​ ខ្សែដៃ​មាស​ ១​ខ្សែ​ទម្ងន់​១​តម្លឹង​​ ចិញ្ចៀនមាស​១​វង់​ ទម្ងន់​៥​ជី​​ ខ្សែដៃ​ផ្លា​ទី​ន​១​ខ្សែ​ ទម្ងន់​៣​ជី​​ ខ្សែ​ក​ផ្លា​ទី​ន​១​ខ្សែ​ ទម្ងន់​៤​ជី​៧​ហ៊ុន​ ចិញ្ចៀន​ផ្លា​ទី​ន​១​វង់​ទម្ងន់​២​ជី​​ ប្រាក់​បាត​ថៃ​៦​ពាន់​បាត​ ប្រាក់​ខ្មែរ​៧​លាន​រៀល​។​

​ក្រោយ​ពី​ទទួល​ព័ត៌មាន​ នោះ​ហើយ​ លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរ​ បាល​ខេត្តបន្ទាយមានជ័យ​ បាន​ដាក់​បទបញ្ជា​និង​ចាត់​លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ ឡោះ​ ស្នងការ​រង​ ទទួល​ផែន​ព្រហ្មទណ្ឌ​ ដឹកនាំ​កម្លាំង​ នគរបាល​ការិយាល័យ​ជំនាញ​ សហការ​ជា​មួយ​និង​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ដើម្បី​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​។​

​លោក​អធិការ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​នោះ​សមត្ថកិច្ច​បាន​ខិតខំ​ ស៊ើបអង្កេត​តាម​ជំនាញ​ ចំណាយពេល​ប្រមាណ​២០​ម៉ោង​ ឈាន​ចូល​ដល់​ល្ងាច​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៨​ រក​ឃើញ​ថា​ គ្មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​នោះ​ទេ​ នៅ​ពេល​ស្ត្រី​បាន​ឆ្លើយ​សារភាព​ ចំពោះ​មុខ​ថា​រូប​គាត់​ជា​អ្នក​រៀបចំ​គម្រោង​និង​ប្រាប់​កូនស្រី​អាយុ​១៣​ឆ្នាំ​ ជួយ​កុហក​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ មាន​ករណី​ប្លន់​ ដើម្បី​កុហក​ប្តី​ចុង​ដោយ​យក​គ្រឿងអលង្ការ​ទាំង​ នោះ​ទៅ​បញ្ចាំ​ហាង​លក់​មាស​ក្នុង​ផ្សា​របឹង​ត្រកួន​ បាន​ប្រាក់​៣​ម៉ឺន​បាត​ យក​ទៅ​សង​ធនាគារ​ និង​សង​ថ្លៃ​ម្ហូប​រៀប​ការ​កូនស្រី​ ប្តី​ដើម​នៅ​ខេត្តព្រៃវែង​ ដោយ​ពុំ​ហ៊ាន​ប្រាប់​ប្តី​ចុង​ខ្លាច​ខឹង​ ទើប​បង្កើត​រឿង​ថា​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​បែប​នោះ​តែ​ម្តង​។​

​លោក​អធិការ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជុំវិញ​បញ្ហា​ដែល​ស្ត្រី​ខាងលើ​បំភ្លៃ​សក្ខីកម្ម​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នោះ​ ដោយ​យោង​តាម​ការ​យោគយល់​ពី​ លោក​ព្រះរាជអាជ្ញា​អម​សា​លា​ដំបូង​ខេត្តបន្ទាយមានជ័យ​ មាស​ ច័ន្ទ​ពិសិដ្ឋ​ និង​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ គឺ​មិន​បាន​កសាង​សំណុំរឿង​ស្តី​រូប​នោះ ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ ឡើយ​ ដោយ​សមត្ថកិច្ច​ធ្វើការ​ព្រមា​ន​ និង​ឱ្យ​ស្ត្រី​រូប​នោះ​សុំ​ទោស​ជា​សាធារណៈ​៕

អត្ថបទដែលជាប់ទាក់ទង