មនុស្ស១០នាក់ ពិសាត្រីក្រពត ក្នុងនោះមានកុមារីម្នាក់អាយុ៧ឆ្នាំ បានស្លាប់
ព្រះសីហនុ៖ មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ បានផ្សព្វផ្សាយថា លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ
ឲ្យដឹងថា គិតពីថ្ងៃ២០តុលា ដល់ទី២៥តុលា២០១៨ នៅខេត្តព្រះសីហនុ មានពលរដ្ឋចំនួន១០នាក់ ដែលពុលត្រីក្រពត ក្នុងនោះមានកុមារីម្នាក់អាយុ៧ឆ្នាំ បានស្លាប់ មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។
នៅរសៀលថ្ងៃទី២៥ តុលា ឆ្នាំ២០១៨នេះ លោក ឈិន សេងងួនអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ
សាកសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាមួយចំនួន ជូនជនរងគ្រោះ ដោយសារពុលត្រីក្រពត និងជនរងគ្រោះ ដោយសារពស់ចឹក។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានសំណូមពរ សូមបងប្អូនឈប់ពិសាត្រីក្រពតសមុទ្រ វាអាចពុលរហូតដល់បាត់បង់ជីវិត បើមិនបានបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។ លោកប្រធានមន្ទីរពេទ្យ ក៏បានឲ្យដឹងដែរថា ក្នុងខែតុលានេះ មានការពុលត្រីក្រពត រហូតដល់៣ដង សរុបចំនួន១០នាក់ គឺថ្ងៃទី២០ ចំនួន៤នាក់ ថ្ងៃទី២២ ចំនួន២នាក់ និងថ្ងៃទី២៥ ចំនួន៤នាក់ ៕