ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រី ចាប់ផ្តើពិភាក្សាសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ ការទូទាត់ថវិការដ្ឋឆ្នាំ២០១៧

178


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨នេះនៅវិមានសន្តិភាព ។

បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានថ្លែងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកនេះ មានរបៀបវារៈដូចតទៅ៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ៣៖ បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។ ៣.២៖ សន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីបត្យាប័នជាដើម។

លោកអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមពិភាក្សាលើរបៀបវារៈស្ដីពី “សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩” ៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែល​គណៈរដ្ឋមន្រ្តីកំពុងពិនិត្យក្នុងពេលនេះ គឺជាថវិកាឆ្នាំទី១ ដើម្បីគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងដំណើរ ឆ្ពោះទៅមុខប្រកបដោយជឿជាក់ នៅលើមាគ៌ានៃការកែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍ ព្រមទាំងលើមូលដ្ឋាននៃសមិទ្ធផលសំខាន់ៗ ជាច្រើន ដែល សម្រេចបានកន្លងមក ទាំងខាងនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌសម្រាប់ ការបន្ត រក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការទ្រទ្រង់ដំណើរការវិវឌ្ឍឈានឡើង របស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព។

ក្នុងន័យនេះ ថវិកាឆ្នាំ២០១៩ ត្រូវបានរៀបចំ និងវិភាជន៍ ដើម្បីអនុវត្ត សកម្មភាពអាទិភាព ដែលត្រូវបានកំណត់ក្នុងកម្មវិធី និងអាទិភាព គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបន្ត​អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមនៃវិស័យ កសិកម្ម ការលើកកម្ពស់​គុណភា​​ព​​សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ ការកែលម្អប្រព័ន្ធ​អប់រំឱ្យកាន់​តែមាន​គុណភាពខ្ពស់ ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ជាពិសេស​ការអនុវត្ត​កម្មវិធី កែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល​បានដាក់ចេញ ដើម្បីបន្តគាំទ្រ និងជម្រុញកំណើនសេដ្ឋកិច្ច​ប្រកបដោយ​គុណភាព និងមាន​ភាពធន់ខ្ពស់ ធានាបានសមធម៌សង្គម ដែលមានបរិយាប័ន្ន និងពង្រឹងស្ថាប័ន​​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងដំណើរឆ្ពោះទៅ សម្រេច​ឱ្យ​​​បាននូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍កម្ពុជា ជា “ប្រទេសដែលមាន ចំណូលមធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០”។

សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជកម្ពុជា បន្ដទទួលបាននូវទំនុកចិត្តដ៏ច្រើនលើសលុបចេញ ពីឆន្ទៈ របស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការដឹកនាំប្រទេសជាតិ សម្រាប់ រយៈពេល៥ឆ្នាំបន្ដទៀត ។ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោត ដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ស្របទៅតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានប្រជាពលរដ្ឋចូលរួមរហូតដល់៨៣,០២ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាននឹងកំពុង បន្ដបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ដរបស់ខ្លួន បន្ដពីរាជរដ្ឋាភិបាលអាណត្តិទី៥ ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ ជាងពេលណាៗទាំងអស់ ក្នុងការបម្រើប្រជាជនទ្វេដង ក៏ដូចក្នុងការពន្លឿន​កិច្ចអភិវឌ្ឍ និងជំរុញអនុវត្តការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយ​គ្រប់វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណង​ប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ។

ឈរលើមូលដ្ឋាននេះ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩ មានគោលដៅគាំទ្រការអនុវត្តកម្មវិធីនយោបាយ របស់​រាជរដ្ឋាភិបាល ជាពិសេសអនុវត្តតាមគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្ដែងនានា ដែលនឹងត្រូវចាប់ផ្ដើមអនុវត្ត​នៅក្នុង​ឆ្នាំ២០១៩ ដែលជាឆ្នាំទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាជាអតិបរមាជូនប្រទេសជាតិ ដើម្បីឆ្លើយតប​នឹង​សំណូមពរ សេចក្ដីត្រូវការ និងការរំពឹងទុករបស់ប្រជាជន​ដែលជា​ម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍនេះ ។ ក្នុងន័យនេះ ថវិកា​ឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃនីតិកាលទី៦ នៃរដ្ឋសភា ត្រូវតែជាយុទ្ធសាស្រ្ដ​នៃការរក្សា​សមិទ្ធផល​​ដែលសម្រេចបានដោយលំបាក និងការបន្ដបុកគ្រឹះថ្មីៗ​សម្រាប់​គាំទ្រ​​ដល់ការសម្រេចបានគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្រ្ដចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបន្ដរក្សាសន្ដិភាព ស្ថិរភាព ក៏ដូចជាទ្រទ្រង់នូវ​ដំណើរការវិវឌ្ឍឈានឡើងរបស់កម្ពុជាលើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព តទៅមុខឥតឈប់ឈរ ។

នៅក្នុងរយៈពេលមធ្យមខាងមុខ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា​នឹងឈាន​ដល់​ដំណាក់កាលប្រែប្រួលថ្មីមួយទៀត ជាពិសេសចាប់ពីពេលនេះ​ទៅរយៈ​ពេល​០៥ឆ្នាំខាងមុខ ដែលជាអន្ដរកាលឆ្ពោះទៅសម្រេច ឋានៈប្រទេស​មានចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ក្នុងក្របខណ្ឌនេះ កម្ពុជា​ត្រូវតែមាន ប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលកាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ (A clean, Smart and Strong Government) ដើម្បីអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច​ប្រកប​ដោយប្រសិទ្ធភាពខ្ពស់ ក្នុងអត្រាប្រមាណ៧ភាគរយក្នុងមួយឆ្នាំ សម្រាប់បង្កើត​ការងារប្រកបដោយគុណភាព សម្រាប់យុវជនផង ឆ្លើយតបប្រកប​ដោយ​ប្រសិទ្ធភាពចំពោះក្ដីរំពឹងទុករបស់ប្រជាជនផង ឆ្លើយតប​នឹងសេចក្ដី​ត្រូវការ​របស់ប្រជាជន ដែលចេះតែកើនឡើងជាលំដាប់ នូវសេវាសាធារណៈ​សំខាន់ៗ​ប្រកបដោយគុណភាព ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ សេវាអប់រំ សុខាភិបាល និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត រួមទាំងរបប​សន្ដិសុខ​សង្គម និងសុខមាលភាព​​របស់ប្រជាជនទូទៅ ការធានាសុវត្ថិភាពចំណូល ជាពិសេស​​សម្រាប់ប្រជាជនងាយរងគ្រោះ និងការកាត់បន្ថយគម្លាត​នៃការរីកចម្រើនរវាងទីក្រុង និងជនបទ ។

ចំពោះទិដ្ឋភាពក្រៅប្រទេស ស្ថានភាពភូមិសាស្រ្ដនយោបាយពិភពលោក ដែល​​​កំពុង​វិវត្តក្នុងក្របខ័ណ្ឌពហុប៉ូលនេះ កាន់តែស្មុគស្មាញឡើងៗ ហើយ​ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏នៅបន្ដស្ថិតក្នុង​ភាពមិនប្រកដ​ប្រជា​នៅឡើយ ដោយសារសង្រ្គាមពាណិជ្ជកម្មដែលអាចនឹង​នាំទៅដល់វិបត្តិ​រូបិយវត្ថុ និងហិរញ្ញវត្ថុថែមទៀត ។ ពិតណាស់ថា កម្ពុជាដែលជាប្រទេស​មាន​​​សេដ្ឋកិច្ចបើកចំហខ្លាំង និងទទួលបានការរីកចម្រើន​ដោយសារ​សាកលភាវូបនីយកម្ម អាចនឹងទទួលរងនូវផលប៉ះពាល់អវិជ្ជមានមួយចំនួន ដោយមិនគិតទៅដល់ផលប៉ះពាល់ដែលបណ្ដាលមកពីការឡើងថ្លៃប្រេង ព្រមទាំងការឡើងថ្លៃ និងកាដំឡើងអត្រាការប្រាក់ដុល្លារអាមេរិក ។ ប៉ុន្តែ​ជាមួយគ្នានេះ កម្ពុជាក៏អាចនឹងទទួលបានកាលានុវត្តភាពមួយចំនួន វិញដែរ ។ ក្នុងន័យនេះ កម្ពុជាត្រូវចេះបត់បែន និងតាមឱ្យទាន់សភាពការណ៍​ប្រែប្រួល​​​​ក្នុងតំបន់ និងពិភពលោកដើម្បីបញ្ចៀស និងសម្រាល​នូវផលប៉ះពាល់​​ជាអវិជ្ជមានទាំងឡាយ ដែលអាចកើតមានឡើង​ជាយថាហេតុ ហើយត្រូវត្រៀមខ្លួនឱ្យបានល្អ ដើម្បីប្រែក្លាយ​បញ្ហា​ប្រឈម​ទាំងឡាយ ឱ្យក្លាយទៅជាកាលានុវត្តភាព និងត្រូវចេះប្រើប្រាស់លក្ខខណ្ឌ​អំណោយផលទាំងឡាយសម្រាប់លើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួត​ប្រជែងសេដ្ឋកិច្ច និងកែលម្អបរិស្ថានវិនិយោគសម្រាប់ទទួល និងទាក់ទាញ​បន្ថែមការវិនិយោគនិងធុរកិច្ចដែលអាចនឹងហូរចេញ ពីតំបន់ជម្លោះ​ពាណិជ្ជកម្មចូលមកកាន់កម្ពុជា ។ ទន្ទឹមនេះ កម្ពុជាក៏ត្រូវទាញយក​ផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឌីជីថលរូបនីយកម្ម ជាពិសេសក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤ និងត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការពារ និងអភិរក្សបរិស្ថាន ធនធាន​ធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី តំបន់ជីវៈចម្រុះ ព្រៃឈើ និងជម្រកសត្វព្រៃ ព្រមទាំងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ ។

រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានបញ្ចប់បេសកកម្មជា​ប្រវត្តិសាស្រ្ដ​របស់ខ្លួនប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ និងសម្រេច​បាននូវ​សមិទ្ធផល​ធំៗជាច្រើនជូនប្រទេសជាតិ និងប្រជាជន ហើយទទួលបាន​នូវពរជ័យ និងការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋទូទាំងប្រទេស ។ ជាក់ស្ដែង​ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា រក្សាបានពេញលេញនូវសន្ដិភាព បូរណភាពទឹកដី និងស្ថិរភាព​នយោបាយ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការធានានូវដំណើរការ​ជាប្រក្រតីនៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការរក្សាបាន​នូវ​​លំនឹង​នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ ទន្ទឹមនេះ កម្ពុជា​សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាង៧ភាគរយក្នុងមួយឆ្នាំ ហើយ​មូលដ្ឋាននៃកំណើនក៏កាន់តែមានពិពិធកម្មច្រើនឡើង ដែលធ្វើឱ្យទំហំ​សេដ្ឋកិច្ច​កាន់តែរីកចម្រើនឡើងជាលំដាប់ ។ ជាក់ស្ដែង ទំហំសេដ្ឋកិច្ច (ផ.ស.ស តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពី ៦១.៣២៦.៩២៨ លានរៀល ឬសមមូល​នឹងប្រមាណជាង ១៥.២៣៧ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់ ៩៩.១១៦.០៤១ លានរៀល ឬ សមមូលនឹងប្រមាណជាង ២៤.៥៥២ លានដុល្លារ​អាមេរិកនៅឆ្នាំ២០១៨ ។ ចំណូលមនុស្សម្នាក់ធៀងនឹង ផ.ស.ស ក៏បានកើន​ឡើងពី ១ .០៤២ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់ប្រមាណ ១.៥៦៣ ដុល្លារ​អាមេរិកនៅក្នុងឆ្នាំ២០១៨ ។ អត្រាប្ដូរប្រាក់ស្ថិតក្នុងរង្វង់ ៤.០៥០ រៀលក្នុង​មួយដុល្លារអាមេរិក ក្នុងខណៈ ដែលអត្រាអតិផរណា ជាមធ្យមស្ថិត​ក្នុងរង្វង់​៣ភាគរយ ដែលជាកម្រិតមួយទាប និងអាចគ្រប់គ្រងបាន ក្នុងរយៈពេលដូចគ្នា ។ ទន្ទឹមនេះ ទុនបម្រុងអន្ដរជាតិក៏បានកើនឡើងពី ៣ ៦៤៣ លានដុល្លារ​អាមេរិក​​ក្នុងឆ្នាំ២០១៣ ដល់ ៩.៤៩៤ លានដុល្លារអាមេរិកនៅឆ្នាំ២០១៨ ។

ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងធននឹងវិបត្តិក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្ដូរប្រាក់​មានស្ថិរភាព​ខាងលើនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលអាចធ្វើការបែងចែក​នូវផ្លែផ្កា​នៃកំណើន​សេដ្ឋកិច្ចកាន់តែច្រើនថែមទៀតដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីលើក​កម្ពស់​​​ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ទាំងខាងសម្ភារៈនិងស្មារតី ។ ជាក់ស្ដែង ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះមន្រ្ដីរាជការស៊ីវិល និងកម្លាំង​ប្រដាប់អាវុធទទួលបានការដំឡើងបៀវត្សដល់កម្រិតជាង១លានរៀល នៅ​ក្នុង​ឆ្នាំ២០១៨ ហើយការបើកបៀវត្សធ្វើបានទាន់ពេលវេលា ក្នុងសប្ដាហ៍ទី៤​នៃខែតាមប្រព័ន្ធធនាគារ ។ និវត្តជនក៏ទទួលបាននូវការបង្កើន​ប្រាក់សោធននិវត្តន៍ និងរបបតាវកាលិកផ្សេងទៀតជាបន្ដបន្ទាប់ផងដែរ ។ ដូចគ្នានេះដែរ កម្មកនយោជិត ក្នុងវិស័យឯកជនក៏ទទួលបានការដំឡើង​ប្រាក់ឈ្នួលអប្បបរមាដល់ចំណុច ១៧០ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ហើយគ្រោងនឹងឡើងដល់ ១៨២ ដុល្លារអាមេរិកនៅឆ្នាំ២០១៩ ហើយ​បើក​២ដង​ក្នុងមួយខែ ដោយមិនទាន់គិតទៅដល់ការទទួលបាន​នូវ​អត្ថប្រយោជន៍​បន្ថែមផ្សេងទៀត ពីការអនុវត្តគោល​នយោបាយ​គាំពារ​សង្គម​​របស់​រាជរដ្ឋាភិបាល រួមមានការកំណត់ផ្ដល់ជូននូវរបបថែទាំ​សុខភាព​ដល់កម្មករ ដោយនិយោជកជាអ្នកបង់ថ្លៃជួស និងការផ្ដល់នូវរបបឧត្ថម្ភ​មាតុភាព​ចំនួន ៤០ ម៉ឺនរៀល សម្រាប់ការសម្រាលកូនមួយជាដើម ។ ដោយឡែក​ចំណូលរបស់កសិករ អាជីវករ និងពលករផ្សេងទៀត​ក៏បាន​កើនឡើង​ដូចគ្នាដែរ តែបងប្អូនប្រជាកសិករទទួលបាន​នូវការយកចិត្តទុកដាក់​ខ្ពស់ពី​សំណាក់រាជរដ្ឋាភិបាល តាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់​ លើគម្រោង​ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ និងការលើកកម្ពស់ផលិតភាព​កសិកម្ម ក៏ដូចជាតាមរយៈអន្ដរាគមន៍ផ្ទាល់ របស់រដ្ឋនៅពេលកសិផល ជាពិសេសស្រូវ-អង្ករ ប្រឈមនឹងការធ្លាក់ចុះថ្លៃនៅលើទីផ្សារអន្ដរជាតិ ឬទ្រទ្រង់​ថ្លៃកុំឱ្យធ្លាក់ចុះហួសពីថ្លៃទីផ្សារខ្លាំងពេក ដោយមិនសម​ហេតុ​សម​ផល​​ជាដើម ។ ក្រៅពីការបង្កើតឱកាសរកប្រាក់ចំណូល និងការកាត់​បន្ថយ​បន្ទុក​​​ចំណាយចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកមានចំណូលទាប និងអ្នកប្រកបអាជីវកម្មតូចតាច រាជរដ្ឋាភិបាលក៏បានប្រមូលពន្ធ​ កាន់តែច្រើន​ពីអ្នកដែលមាចំណូលខ្ពស់ ដោយឈរលើគោលការណ៍សមធម៌ និងយុត្តិធម៌ ហើយមិនឱ្យរវាតពីតួនាទីរបស់ប្រព័ន្ធពន្ធដារ ដែលជាឃ្នាស់នៃកំណើន​សេដ្ឋកិច្ច និងជាយន្ដការនៃការបែងចែកនូវផលរំពឹងទុកនេះឡើងវិញ នៅក្នុងក្របខ័ណ្ឌនៃប្រព័ន្ធថវិកាជាតិ ក្នុងនោះ រួមទាំងការដំឡើងបៀវត្ស​រ៍​ជូនមន្រ្ដីរាជការ ការពង្រីក និងកែលម្អគុណភាពសេវាសាធារណៈ និងការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំង​ការកែ​លម្អ និងការពង្រីកវិសាលភាព និងរបបគាំពារសង្គម និងសន្ដិសុខសង្គម​ដល់មន្រ្ដីរាជការគ្រប់ប្រភេទ និងជូនដល់ក្រុមជនងាយរងគ្រោះ​នៅក្នុងសង្គមជាដើម ៕


អត្ថបទដែលជាប់ទាក់ទង