ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៦ កញ្ញា ដល់២៥ តុលា មន្ទីរសាធារណការខេត្តព្រះវិហារ ត្រួតពិនិត្យយានយន្ត​កែច្នៃខុស លក្ខណៈបច្ចេកទេស ជាង២០០គ្រឿង

114

ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានឲ្យដឹងថា រថយន្ត២៨៩គ្រឿង ត្រូវបានក្រុមការងារ បច្ចេកទេសខេត្ត ធ្វើការឃាត់ជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ក្នុងខែតុលា ឆ្នាំ២០១៨នេះ។

បើតាមលោក សំ លាងទ្រី បានឲ្យដឹងថា “ពេញមួយខែតុលានេះ រថយន្តចំនួន ២៨៩គ្រឿង ត្រូវក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បន្តរឃាត់បានជាហូរហែ ដើម្បីធ្វើការត្រួតពិនិត្យ”។

គួរំលឹកផងដែរថា ទោះបីជាចំនួនអ្នកបើកបរល្មើសច្បាប់ ហាក់ថយចុះបន្តិច បើប្រៀបធៀប ទៅនឹងមួយខែមុន (ខែកញ្ញា)ក្នុងរយៈពេលមួយខែដូចគ្នា ក៏ក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈ បច្ចេកទេសខេត្ត សហការជាមួយអាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច នៅតែបន្តដាក់កម្លាំងប្រចាំការ ទាំងយប់ថ្ងៃ និងបន្តឃាត់បានអ្នកបើកបររថយន្ត ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក លើដងផ្លូវជាតិលេខ៦២ ខេត្តព្រះវិហារ ជាច្រើនទៀតឥតឈប់ឈរ។

ជាក់ស្ដែង យោងតាមរបាយការណ៍ ពីក្រុមការងារដែលបាននិងកំពុង ឈរជើងនៅតាមគោលដៅ លើដងផ្លូវជាតិ៦២ បានឲ្យដឹងថាក្នុងរយៈពេល មួយខែកន្លងមក ចាប់ពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៨ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យ យានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បន្តឃាត់បាន និងធ្វើការត្រួតពិនិត្យ យានយន្ត សរុបចំនួន ២៨៩ គ្រឿង។

ក្រោយពីធ្វើការត្រួតពិនិត្យ រថយន្តទាំង២៨៩គ្រឿងនោះ ពិនិត្យឃើញថាត្រឹមត្រូវ ចំនួន៨៥គ្រឿង, រថយន្តត្រូវបានកាត់ទ្រុង ចំនួន៤គ្រឿង, សំពីងសំពោងចំនួន ៤៦គ្រឿង, ខ្វះឯកសារចំនួន ១០៤គ្រឿង, ឯកសារក្លែងក្លាយចំនួន ០៣ គ្រឿង, ដោះរានខាងក្រោយចំនួន ១៦គ្រឿង, គ្មានបណ្ណបើកបរចំនួន ១១នាក់, បណ្ណបើកបរក្លែងក្លាយចំនួន ១០ នាក់ និងរថយន្តគ្មានផ្លាកលេខចំនួន ១០ គ្រឿង ។

បច្ចុប្បន្នយានយន្តទាំងនោះ ក្រុមការងារក៏បានធ្វើការផាកពិន័យ និងធ្វើការអប់រំណែនាំតាមនិតិវិធី ហើយដើម្បីទទួលបាន នូវសុខសុវត្ថិភាព ក្នុងការធ្វើដំណើតាមដងផ្លូវ សូមបងប្អូនប្រជាពលរដ្ឋ បន្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង