មុខសញ្ញាសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
កោះកុង ៖ តាមការបញ្ជាក់ពីអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញ ល្ងាចថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៣នេះ គឺរកឃើញជនសង្ស័យវាយសត្វឈ្លូសនៅឆ្នេរកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ហើយ។
លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះបានថ្លែងឲ្យដឹងថា មុខសញ្ញាសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
ជនសង្ស័យឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរ សន្តិសុខ ។
លោកជំទាវមិថុនា ភូថង បានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕