ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិគ្រោះយោបល់ កម្រិតគោលនយោបាយដំបូង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី

40

 

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោលនយោបាយស្តីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ជប៉ុន នាព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រសួង ការបរទេសជប៉ុន, តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា សរុបប្រមាណ ១៣០ រូប ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ដ្រី បានថ្លែងស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូជប៉ុន រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ កិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោលនយោបាយ ត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងស្របពេលជាមួយការរៀបចំប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៣នេះ ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ពី ក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ដើម្បីសម្រេចបានទស្សនវិស័យរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ជាការឆ្លើយតប ឯកឧត្តម UENO Atsushi បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រម្ពុជា ។ ឯកឧត្តម UENO Atsushi ក៏បានជម្រាបជូនអង្គប្រជុំអំពីការកែសម្រួលនូវធម្មនុញ្ញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលជប៉ុនបានកែសម្រួលកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរបានធ្វើ
និងការពិនិត្យឡើងវិញនូវគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការនាពេលកន្លងមក ក្នុងន័យបន្តពង្រឹងសមត្ថភាពនៃការអនុវត្តគម្រោងនាពេលអនាគត ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ដោយផ្តោតលើវិស័យ អាទិភាព ចំនួន ៣ គឺ ១) បរិវត្តកម្មសង្គមឌីជីថល, ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង ៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ដោយវិស័យទាំងនេះមានសង្គតិភាពជាមួយទិសដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ជប៉ុន ។ ជាមួយគ្នានេះ ភាគីជប៉ុនក៏បានឯកភាពយកសំណើ និងធាតុចូលរបស់ភាគីកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុង សេចក្តីព្រាងនៃគោលនយោបាយស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ដែលភាគីជប៉ុនគ្រោងនឹងរៀបចំ
នៅឆ្នាំ២០២៤ ។

គួរបញ្ជាក់ផងដែរថា ភាគីជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៍សំខាន់របស់កម្ពុជា ពោលគឺ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ភាគីជប៉ុនបានបើកផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៤.៣១៩ លានដុល្លារ ស្មើនឹង ១៤% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ។ ទំហំហិរញ្ញប្បទានរបស់ជប៉ុនត្រូវបានរំពឹងថានឹង កើនឡើងជាបន្តបន្ទាប់ តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារ ក្នុងក្របខណ្ឌ័ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។ ដោយឡែក កិច្ចប្រជុំកម្រិតគោលនយោបាយ ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ត្រូវបានរៀបចំឡើងចំនួន ១៣ លើក រួចមកហើយ ដោយកិច្ចប្រជុំលើកទី ១៤ នេះ គ្រោងនឹងធ្វើឡើងក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យាដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ ៕

 

 

អត្ថបទដែលជាប់ទាក់ទង