នាយឧត្តមសេនីយ៍ ទៀ សីហា បិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៣
ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការធ្វើការពិភាក្សាអស់រយៈពេលពេញ ១ថ្ងៃ សិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព
នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៣ ក្រោមប្រធានបទ“ សម្ព័ន្ធមេត្រីភាពរួមចំណែកការពារជាតិដើម្បីសន្តិភាព និងអភិវឌ្ឍន៍ “ ត្រូវបានប្រារព្ធពិធីបិទ នៅរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលអង្គសិក្ខាសាលានេះ បានប្រារព្ធធ្វើនៅសាលប្រជុំសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ បន្ទាប់ពី លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព ខ.ភ.ម ជាមួយស្ថាប័ន អង្គភាព ស៊ីវិល ឡើងអានរបាយការណ៍បូកសរុបអង្គសិក្ខាសាលារួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី តំណាងស្ថាប័ន អង្គភាពរបស់រដ្ឋ និងវិស័យឯកជន សប្បុរសជននានា និង ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីសិក្ខាសាលា ដ៏មានសារសំខាន់នេះ ជាពិសេស ចំពោះដៃគូសម្ព័ន្ធមេត្រីភាពដែលជានិច្ចកាល នៅតែបន្តយកចិត្តទុកដាក់ ចូលរួមសហការជួយឧបត្ថម្ភដល់ កងយោធពលខេមរភូមិនបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីជាតិរឹងមាំ ស្របតាមពាក្យស្លោក “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក ការងារចងសម្ព័ន្ធមេត្រីភាព ដែលបានប្រារព្ធធ្វើសិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ គឺពិតជាមានសារៈសំខាន់ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាព ដែលបានដាក់ចេញ ក្នុងស្ថានភាពនៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍និងសាមគ្គីជាតិខ្ពស់។
ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ អង្គសិក្ខាសាលាសម្រេចបានថ្ងៃនេះ ពិតជានឹងត្រូវយកទៅអនុវត្តជាគំរូនៅទូទាំងប្រទេស បានចំគោលដៅនិងគោលបំណងដែលយើងចង់បាន ហើយឯកឧត្តម ឧបយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សង្ឃឹមថា ៖ លទ្ធផលជាផ្លែផ្កាឆ្លើយតប ប្រកបដោយភាពស័ក្ដិសិទ្ធដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍលើវិស័យការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញអោយយកចិត្តទុកដាក់ដល់ការងារសម្ព័ន្ធមេត្រីភាព ដោយផ្តោតលើការអនុវត្ត កម្មវិធី គម្រោងនិងសកម្មភាពទាំងឡាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៅក្នុងយន្តការរយៈពេលវែង ធ្វើឱ្យមានវឌ្ឍនភាពក្នុងទស្សនវិស័យបម្រើឱ្យសមត្ថភាព វិជ្ជាជីវៈដល់សហគមន៍ គ្រួសារកងទ័ព ជាពិសេស យោធិនត្រៀមចូលនិវត្តន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលនឹងអាចជួយរួមចំណែកផ្គត់ផ្គង់ជីវភាពគ្រួសារផងនិងចូលរួមបង្កើនផលិតភាពក្នុងស ង្គម ក៏ដូចជាការចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចជាតិផង៕