ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាមួយនៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ ស្តីពីលទ្ធផលគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ

378

ប្រទេសកូរ៉េ៖  គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមដំណើរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមក្នុងសិក្ខាស្ដីពីលទ្ធផលគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ 

   សិក្ខាសាលានេះរៀបចំឡើងដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ Korea Cultural Heritage Foundation និងមានការអញ្ជើញចូលរួមជាកិត្តិយសដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA និងរដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាខាងលើ លោក Jin OK-Sub ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជាទាំងអស់ដែលបានចំណាយពេលចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ។ ការចូលរួមនេះគឺបង្ហាញពីការយកចិត្តទុកដាក់នៃស្ថាប័នជំនាញពាក់ព័ន្ធក្នុងកិច្ចការងារបេតិកភណ្ឌ លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ។

   ទាក់ទងនឹងការងារអភិរក្ស និងជួសជុលប្រាសាទនេះដែរ ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានឱ្យដឹងទៀតថា អ្វីដែលជាមោទនភាពបំផុតរបស់កូរ៉េ គឺបានចូលរួមជួយស្ដារឡើងវិញនៃភាពល្បីល្បាញរបស់បេតិកភណ្ឌកម្ពុជា ដែលជាបេតិកភណ្ឌមនុស្សជាតិ និងជួយជំរុញការផ្សព្វផ្សាយការយល់ដឹងលើការងារនេះដល់ប្រជាជនកូរ៉េផងដែរ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានសម្ដែងនូវការអរគុណដល់ស្ថាប័នសំខាន់ៗមួយចំនួនដូចជា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA រដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងកិច្ចសហប្រតិបត្តិការអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរនាពេលកន្លងមក។ ជាពិសេសទៅទៀតនោះ កិច្ចសហប្រតិបត្តិការរវាងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនិងអាជ្ញាធរជាតិអប្សរាបានបង្កើតនូវសមិទ្ធផលយ៉ាងល្អប្រសើ ហើយតែងតែទទួលបានការគាំទ្រនិងកោតសរសើរពីសំណាក់គណៈកម្មាធិការអាយស៊ី ស៊ី-អង្គរ។ ដូច្នេះរាល់សមិទ្ធផលទាំងនេះគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។

    ជាការចែករំលែកចំណេះដឹង អង្គសិក្ខាសាលាក៏មានការធ្វើបទបង្ហាញគន្លឹះចំនួនពីរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាលើប្រធានបទលើការគ្រប់គ្រងទឹក និងការអភិវឌ្ឍវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ។ ក្នុងនោះដែរ អ្នកជំនាញអន្តរជាតិដែលបានចូលរួមធ្វើការស្រាវជ្រាវនៅក្រុមប្រាសាទព្រះពិធូរក៏បានធ្វើបង្ហាញលើប្រធានបទសំខាន់ៗដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម ប្រវត្តិសិល្បៈ និងការអភិរក្ស។ល។

គួររំឭកដែរថា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានចាប់ផ្តើមគម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរ កាលពីឆ្នាំ២០១៥ និងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមកដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕

 

អត្ថបទដែលជាប់ទាក់ទង