ឃាត់ខ្លួនបុរសអាយុ ៣៥ឆ្នាំម្នាក់ ពាក់ព័ន្ធករណីឃាតកម្មទៅលើក្មួយប្រុសរបស់ខ្លួន ដែលមានអាយុទើបតែ១៨ខែ
កំពង់ចាម ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីនគរបាលជាតិកម្ពុជា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងអំពើទារុណកម្ម និងឃាតកម្មទៅលើកុមារអាយុ ១៨ខែ ក្នុងខេត្តកំពង់ចាម។ នេះគឺជាអំពើដ៏ឃោរឃៅ និងព្រៃផ្សៃបំផុត ដែលបានប្រព្រឹត្តទៅលើកុមារ ដែលពុំអាចការពារខ្លួនបាន។
អង្គភាពការពារកុមារ (CPU) សូមថ្លែងការកោតសរសើរដល់មន្ត្រីនគរបាលជាតិ ចំពោះការឆ្លើយតបរហ័សក្នុងការកំណត់ និងឃាត់ខ្លួនជនសង្ស័យ។ អង្គភាពការពារកុមារ (CPU) ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជាការជ្រោមជ្រែងដល់នគរបាលជាតិ ក្នុងការស៊ើបអង្កេតបទល្មើសបែបនេះ គ្រប់ពេល និងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ ក្រុមការងារយើង សូមចូលរួមរំលេក្ខទុក្ខដល់ក្រុមគ្រួសាររងគ្រោះ។
សូមរំលឹកផងដែរថា បុរសម្នាក់ប្រើអំពើហិង្សាដ៏សាហាវព្រៃផ្សៃ មានស្នាមជាំពេញខ្លួន ស្នាមខាំនិងចាប់បោក លើក្មេងតូចអាយុមួយខួបជាងម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោយអធម៌ កើតឡើងត្រង់ចំណុចភូមិគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចន្លោះវេលាម៉ោង ១០ យប់ ថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ជនសង្ស័យត្រូវជាអ៊ំប្រុសបង្កើតរបស់ក្មេងប្រុសរងគ្រោះ(បងប្រុសបង្កើតខាងម្តាយក្មេងប្រុសរងគ្រោះ)។ តាមការបញ្ជាក់ពីសាច់ញាតិថា ជនដៃដល់ធ្លាប់ពាក់ព័ន្ធសារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីនគរបាល ធ្វើការឃាត់ខ្លួនយកទៅសួរនាំនិងកសាងសំណុំរឿង នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តអនុវត្តតាមនីតិវិធី៕