អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះហត្ថលេខាលើក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃប្រព័ន្ធអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើក្របខណ្ឌ សហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃប្រព័ន្ធអង្គការសហប្រជាជាតិសម្រាប់កម្ពុជាឆ្នាំ២០២៤-២០២៨ ជាមួយ លោក ចូ សូស័រ ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ ពិធីចុះហត្ថលេខា នារសៀលថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការ ជាតំណាងជាន់ខ្ពស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំ កម្ពុជា សរុបប្រមាណ ៦០ រូប ។
ក្របខណ្ឌសហប្រតិបត្តិការនេះ គឺជាឯកសារយុទ្ធសាស្ត្រដែលនឹងផ្តល់មគ្គុទេសដល់ប្រព័ន្ធអង្គការសហ ប្រជាជាតិទាំងអស់ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុង
ការអនុវត្តគោលដៅអាទិភាពជាតិ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព, ការគាំទ្រដល់ការត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច និង ការឈានទៅបានទុក្ខវិស័យកម្ពុជាឆ្នាំ២០៥០។ ក្របខណ្ឌសហប្រតិបត្តិការ ត្រូវបានរៀបចំឡើងដោយមានការ ពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល បណ្ដាភ្នាក់ងារនៃអង្គការ សហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, វិស័យឯកជន និងតំណាងក្រុមយុវជន ។ ក្របខណ្ឌសហប្រតិបត្តិការនេះ ត្រូវបានអនុម័តជាគោលការណ៍ បន្ទាប់ពីបានពិនិត្យ និងពិគ្រោះយោបល់លើកចុងក្រោយកាល ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។
គណៈកម្មាធិការដឹកនាំការងារមួយ ដែលមានអនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ជាសហប្រធាន នឹងត្រូវបង្កើតឡើង ដើម្បីត្រួតពិនិត្យការ អនុវត្តក្របខណ្ឌសហប្រតិបត្តិការនេះ, ផ្តល់ទិសដៅជាយុទ្ធសាស្ត្រ និងផ្ដល់កិច្ចសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ។ ពិធីចុះហត្ថលេខានេះជាការសម្រេចបាននូវសមិទ្ធផលរួមគ្នាមួយ ខណៈប្រសិទ្ធភាព នៃក្របខណ្ឌសហប្រតិបត្តិការនេះអាស្រ័យទៅលើការអនុវត្ត ដែលចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្ម និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល និងភាពជាដៃគូប្រកបដោយចីរភាព និងបរិយាប័ន្នជាមួយដៃគូអភិវឌ្ឍន៍, អង្គការ សង្គមស៊ីវិល និងវិស័យឯកជន ហើយការអនុវត្តនឹងត្រូវបានវាយតម្លៃតាមរយៈក្របខណ្ឌតាមដាន និងវាយតម្ល មួយ ។ តាមរយៈការផ្តោតលើកិច្ចការទាំងនេះ និងការពង្រឹងកិច្ចសហការរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់លទ្ធផល ប្រកបដោយផ្លែផ្កានឹងអាចសម្រេចបានដែលឆ្ពោះទៅសម្រេចបានទុក្ខវិស័យរួមគ្នា និងការអភិវឌ្ឍន៍នៅកម្ពុជា ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្របខណ្ឌសហប្រតិបត្តិការនេះ និងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ការអនុវត្តក្របខណ្ឌសហប្រតិបត្តិការនេះនឹងរួម ចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍន៍កម្ពុជា និងពន្លឿននូវការសម្រេចបាននូវគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានកោត សរសើរពីកិច្ចប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈកន្លងមក
និងការប្ដេជ្ញាបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ លោក ចូ សូយ័រ ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា “ក្របខណ្ឌសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខាថ្ងៃនេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៍រឹងមាំ និងមានប្រសិទ្ធភាព រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកគាំទ្រដល់ប្រជាជនគ្រប់រូប នៅប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវអនាគតប្រកបដោយវិបុលភាព សមភាព និងបៃតង និងសំដៅធានាថា ពុំមាននរណាម្នាក់ត្រូវបានទុកចោល”។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីគោលជំហររបស់ក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា ក្នុងការបន្តសហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាការសម្រេចបាននូវលទ្ធផលដែលបានគ្រោងទុក ក្នុងការអនុវត្តក្របខណ្ឌសហប្រតិបត្តិការ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ៕