អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវជួសជុលតាមស្តង់ដារអន្តរជាតិ ដែលអាចឱ្យអត្តពលិកកម្ពុជា ហ្វឹកហាត់ត្រៀមខ្លួនយក មេដៃជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក កំពុងត្រូវបានជួសជុល ឱ្យប្រសើរឡើង តាមស្តង់ដារអន្តរជាតិ ដែលអាចឱ្យអត្តពលិកកម្ពុជា ហ្វឹកហាត់ត្រៀមខ្លួនយក មេដៃជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខ។
នៅថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីជួសជុល និងសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីរាជការរបស់ក្រសួង។
សូមជម្រាបជូនថា៖ កីឡាហែលទឹកឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅសម័យសង្គមរាស្ត្រនិយម តាមរយៈការបង្កើតឱ្យមានអាងហែលទឹកសម្រាប់អត្តពលិកហ្វឹកហាត់ជាច្រើនកន្លែង ប៉ុន្តែជា អកុសល ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) និងសង្គ្រាមជាច្រើន ទស្សវត្សរ៍កន្លងមក អាងហែលទឹកនៅក្នុងពហុកីឡដ្ឋានជាតិនេះ ត្រូវបានខូចខាតស្ទើរតែទាំងស្រុង។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការ ស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីកសាងអាងហែលទឹកឱ្យបានច្រើន កន្លែងទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ វិស័យកីឡាហែលទឹកនៅកម្ពុជា ឱ្យមានការរីកចម្រើន និង ស្វែងរកមេដៃជូនជាតិឱ្យបានច្រើន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងផងដែរថា៖ ការថែទាំជួសជុលអាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពីប្រាំពីរខែទៅប្រាំបីខែ ហើយកីឡាករ-កីឡាការិនីដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំង អស់ នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំការជួសជុល និងសាងសង់បាន បញ្ចប់ជាស្ថាពរ។
ជាមួយគ្នានេះផងដែរលោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ក៏ដូចជាក្រុមហ៊ុនឯកជននានា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការជួសជុលថែទាំអាងហែលទឹកក្នុងពហុ កីឡដ្ឋាននេះឱ្យមានភាពល្អប្រសើរឡើងវិញ ប្រកបដោយលក្ខណៈស្តង់ដារអន្តរជាតិ និងដែលបានចូលរួម ចំណែកអភិវឌ្ឍវិស័យកីឡានៅកម្ពុជា៕