សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត សង្កត់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺក្នុងបុព្វហេតុឧត្តមប្រយោជន៍ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសង្កត់ថា បើយើងនិយាយដល់មូលធនមនុស្ស គឺត្រូវគិតគូរដល់សុខភាព និងសមត្ថភាព, ហើយបើយើងគិតគូរដល់សុខភាព និងសមត្ថភាពហើយនោះ ត្រូវតែមានគោលការណ៍ និងកម្មវិធីនយោបាយច្បាស់លាស់ គឺ ១-របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, ២-កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ថ្លែងលើកឡើងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីនយោបាយ ÷
១-របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម។
២-កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ នាព្រឹកថ្ងៃទិ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា ក្នុងបុព្វហេតុឧត្តមប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសសម្រាប់កម្មករ-និយោជិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពន្យល់ថា ការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាននេះ ធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះឡើយ។ ការប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះ គឺឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ និងជាការគិតគូររបស់រាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋ, ព្រោះយើងធ្វើការសិក្សារកឃើញថា ប្រជាពលរដ្ឋម្នាក់ ត្រូវចំណាយជាមធ្យមក្នុងមួយខែចន្លោះពី ១៥ដុល្លារ ទៅ ២០ដុល្លារ ឬស្មើ២៥០ដុល្លារក្នុងមួយឆ្នាំទៅលើបញ្ហាសុខភាព។ ដូច្នេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញកម្មវិធីនយោបាយជួយដល់ប្រជាពលរដ្ឋ គឺកម្មវិធីសមធម៌សុខាភិបាល។
តាមរយ:កម្មវិធីនេះហើយ រាជរដ្ឋាភិបាល ក៏ត្រូវបានដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះឡើង ដែលនឹងពង្រីកវិសាលភាពដល់អ្នកទទួលបានការគាំពារផ្នែកសុខភាពនេះរហូតដល់ទៅប្រមាណ ៩លាននាក់នៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺមានការគិតគូរខ្ពស់ចំពោះការលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ។ បើនិយាយចំពោះសមត្ថភាពប្រជាពលរដ្ឋវិញ រាជរដ្ឋាភិបាល បានដាក់ចេញការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងប្រជាពលរដ្ឋក្នុងគ្រួសារងាយរងហានិភ័យ។ ការបណ្ដុះបណ្ដាលជំនាញប្រជាជីវៈ ប្រៀបដូចជាការបង្រៀនពួកគេឱ្យចេះស្ទួចត្រី ដើម្បីឱ្យពួកគេអាចម្ចាស់ការលើជីវិតខ្លួនឯង ដោយមានជំនាញច្បាស់លាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ត្រូវប្រឹងប្រែងរួមគ្នាអនុវត្តន៍កម្មវិធីទាំងពីរនេះ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព៕