ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ប្រធានាធិបតីបារាំង បានសន្យាថា «នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង»

246

 

បារាំង៖ ព្រះកុរណាព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ។

ឯកឧត្ដម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង  បានទូលថ្វាយបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំង ក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្ដុះបណ្ដាល ធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ប្រធានាធិបតីបារាំង បានសន្យាថា «នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង» ។

នៅវេលារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងដល់វិមានប្រធានាធិបតីបារាំងអេលីហ្សេ ដោយមាន ថ្វាយនូវការរៀបចំព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការ ប្រកបដោយភាពខ្ពស់ខ្ពស់ អធឹកអធម នូវខាងមុខវិមានប្រធានាធិបតី ដោយឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ឆ្នាំបន្ថែមទៀត (២០២៣ ២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ អាស្រ័យដោយព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គំនិតផ្តួចផ្តើមនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Emmauel Macron បានទូលថ្វាយអំពីសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះការរីកចម្រើនរុងរឿងនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រពៃលើគ្រប់វិស័យ រវាងកម្ពុជា-បារាំង ក្នុងពេលបច្ចុប្បន្ន អាស្រ័យដោយព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពងខ្ពស់បំផុត ព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសយើងទាំង២។

ឯកឧត្តមប្រធានាធិបតី បានទូលថ្វាយថាអំពីការប្តជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាល តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ ព្រមទាំងក្នុងវិស័យវប្បធម៌ ដូចជាគម្រោងក្នុងការជួសជុល និងការពង្រីកសារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើអំពីសំរិទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយវត្ថុបុរាណមួយចំនួនទៀត។
ព្រះកុរណាជាអម្ចាស់ជីវិតលើត្បួង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យមានព្រះរាជឱង្គារ អំណរគុណចំពោះឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានថ្វាយនូវកិច្ចសវនាការ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ។ ព្រះអង្គបានសព្វព្រះរាជហឬទ័យនាំមកនូវ ព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះរាជហឬទ័យនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងថ្នាក់ដឹកនាំកំពូលបារាំង ក្នុងមនោសញ្ជេនាភាតរភាពដ៏ជិតស្និតបំផុត។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង មានព្រះរាជឱង្គារ ថាៈ ព្រះអង្គមានសេចក្តីរីករាយជាពន់ពេកណាស់ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តតំបន់អង្គរ ដែលបានស្នើឡើងដោយឯកឧត្តមប្រធានាធិបតីបារាំង ក្នុងឱកាសនេះ។ ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្គួចផ្តើមដ៏ល្អប្រពៃនេះ ហើយប្រទេសកម្ពុជា មានឆន្ទះខ្ពស់ក្នុងការពង្រឹងការផ្លាស់ប្តូរ និងបន្តកិច្ចសហប្រតិតបត្តិការលើគ្រប់វិស័យ ជាមួយប្រទេសបារាំង ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ក៏ដូចជាសម្រាប់ការអភិវឌ្ឍន៏កាន់តែច្រើនផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង