លោកស្រី កិត្តិបណ្ឌិត អ៊ុក ម៉ាលី ទទួលអង្ករ នឹង ថវិកា ពីព្រះធម្មវនវាសី សុន ចាន់វីរៈ ព្រះរាជាគណៈថ្នាក់កិត្តិយស វត្តចន្ទប្បជោត្តនារាម
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានអញ្ជើញ ទទួលអង្ករចំនួន ២០តោន និងថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ពីព្រះធម្មវនវាសី សុន ចាន់វីរៈ ព្រះរាជាគណៈថ្នាក់កិត្តិយស វត្តចន្ទប្បជោត្តនារាម(វត្តតាសុត) នារសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកស្រី កិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើ ថ្លែងអំណ រព្រះគុណ ចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់ ព្រះធម្មវនវាសី ដែលបានចែករំលែក នូវទេយ្យទានជាថវិកា និងអង្ករទាំងនេះ មកជូនកាកបាទក្រហមកម្ពុជា សម្រាប់បន្តចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
លោកស្រី កិត្តិបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំង អស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព នឹងការអភិវឌ្ឍជានិច្ច នឹងសូមបួងសួងដល់ ព្រះធម្មវនវាសី សុន ចាន់វីរៈ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់ វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។
ជាមួយគ្នានោះដែរ លោកស្រីកិត្តិបណ្ឌិត បានប្រគេនចំពោះ ព្រះធម្មវនវាសី សុន ចាន់វីរៈ នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ដែលជាការប្រោស ព្រះរាជទានដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ៕ សំរិត