ការសម្ពោធជាផ្លូវការសាខាក្នុងស្រុក ក្រុមហ៊ុនតូយ៉ូតា ស្ថិតក្នុងខណ្ឌមានជ័យ គឺពិតជាបានឆ្លុះបញ្ចាំងអោយឃើញពីការសម្រេចចិត្តដ៏ត្រឹម ត្រូវរបស់ក្រុមហ៊ុនតូយ៉ូតា
ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីតំណាងលោកឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសាខាក្នុងស្រុក ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ស្ថិតក្នុងខណ្ឌមានជ័យ នៅល្ងាចថ្ងៃទី១៥ វិច្ឆិកា។
លោក ហ៊ុន សុរិទ្ធី បានថ្លែងថា ការសម្ពោធជាផ្លូវការសាខាក្នុងស្រុក ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ស្ថិតក្នុងខណ្ឌមានជ័យ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងអោយឃើញពីការសម្រេចចិត្តដ៏ត្រឹម ត្រូវរបស់ក្រុមហ៊ុនតូយ៉ូតា ។
នេះជាជោគ ជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការខិតខំទាក់ទាញនូវការវិនិយោគទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿ ជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគ និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែក ជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ បាននឹងកំពុងរីករាយ ទទួលនូវមនុញ្ញផល់ នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតទៅលើវិស័យ កសិកម្ម, ឧស្សាហកម្ម, វិស័យសំណង់ និងទេសចរណ៏ ដែលជារបៀបវារៈនៃការអភិវឌ្ឍន៍ និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំក្នុងរង្វង់ ៧% អស់រយះពេលជាងពីរទសវត្សរ៍ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជំរុញ និងលើកទឹកចិត្តចំពោះការ បណ្តាក់ទុនវិនិយោគធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងពង្រីកសហគ្រិនភាព កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយ ភាពទាក់ទាញ និងផ្ដល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ ស្របតាមក្របខណ្ឌពាណិជ្ជកម្ម សកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍខ្ពស់។
ការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យបានជោគជ័យ ទាល់តែយើងមានសុខសន្តិភាព និងស្ថេរភាព នយោបាយ លោកសូមអោយរួមគ្នារក្សាអោយបាននៅសុខសន្តិភាពនៅកម្ពុជា ដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនថែមទៀត។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)
ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) តែងបានបន្តពង្រីកសាខារបស់ខ្លួនទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច ដូចជានៅពេលថ្មីៗ ក្រុមហ៊ុន បានពង្រីកសាខា នៅខេត្តកំពង់ចាម និងបន្តបើកសាខាថ្មីនៅខណ្ឌមានជ័យនាពេលនេះ លើផ្ទៃដីជាង១ហិចតា ដែលមានទាំងសេវាកម្មជួសជុលរថយន្ត បង់រំលួសរថយន្ត ទិញ-លក់រថយន្ត តូយ៉ូតាថ្មី និងមួយតឹកផងដែរ៕