ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្របខ័ណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិកម្ពុជា នឹងក្លាយជាឧបករណ៍សម្រាប់ជួយជំរុញកម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០

68

 

ភ្នំពេញ ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ United Nations Development Programme (UNDP) ដឹកនាំដោយ លោក Nelson Stratta អ្នកជំនាញហិរញវត្ថុជាន់ខ្ពស់ទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងក្របខ័ណ្ឌសមាហរណកម្មហិរញ្ញវត្ថុជាតិកម្ពុជា នា​វិមានរដ្ឋាភិបាល (វត្តភ្នំ) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​ណែលសុន​ បានជម្រាបជូនពីដំណើការដែល UNDP បាននិងកំពុងរៀបចំក្របខ័ណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិកម្ពុជា ដែលក្របខណ្ឌនេះ នឹងក្លាយជាឧបករណ៍សម្រាប់ជួយជំរុញកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ។
ឯកឧត្តមអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ UNDP ក្នុងការរៀបចំនូវក្របខណ្ឌខាងលើបន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអំពីច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក ព្រមទាំងបានសុំឱ្យ UNDP រៀបចំនូវក្របខ័ណ្ឌខាងលើ ដើម្បីបន្ស៊ីជាមួយនឹងការអនុវត្តគោលនយោបាយ ដែលមានស្រាប់ ដើម្បីរួមគ្នាជួយកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង