ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ប្រព្រឹត្តបទល្មើស ប្លន់ដោយប្រើប្រាស់អាវុធ នៅខេត្តកំពត

54

ស្វាយរៀង: កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ (ប្លន់) នៅខេត្តកំពត។

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់បានជនសង្ស័យបាន ០១នាក់ ប្រុស នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ដែលបានប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ (ប្លន់) នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយភ្ជង់ប្លន់យកគ្រឿងអលង្ការ លុយ និងទូរស័ព្ទ រួចរត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូននាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកថា ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស  មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាពចូលក្នុងផ្ទះប្រជាពលរដ្ឋលក់ដូរឈ្មោះ សៅ ភាន់ ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ភ្ជង់ប្លន់យកគ្រឿងអល្លង្ការ លុយ និងទូរសព្ទ ហើយគេចខ្លួនបាត់តែម្តង ។

ដោយលួចយកទ្រព្យសម្បត្តិរួមមាន៖-លុយខ្មែរចំនួន ៤លានរៀល -កងដៃផ្លាទីន ទម្ងន់ ១តំឡឹង ១ជី (២ឈុត ១៤វង់) -ខ្សែកផ្លាទីន ១ខ្សែ ទម្ងន់ ៥ជី (បន្តោងអក្សរC) -ចិញ្ជៀនផ្លាទីន ១វង់ ទម្ងន់ ១ជី (មានដាំត្បូងពណ៌ស) -ទូរស័ព្ទ ១គ្រឿងម៉ាក Vivo។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានននគរបាលខេត្តកំពត និងខេត្តស្វាយរៀង ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣៥នាទី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់មានឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

លុះរហូតដល់ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៥០នាទី កម្លាំងជំនាញបានបន្តសហការ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្វែងរកចាប់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ កៅ ផា ហៅ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដែលឃាត់ខ្លួនបានត្រង់ចំណុចភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពត ពិតប្រាកដមែន ដោយបានយកអាវុធខ្លីភ្ជង់និងវាយទៅលើជនរងគ្រោះប្លន់យកគ្រឿងអល្លង្កា លុយ ទូរសព្ទ ។ ក្រោយពីធ្វើសកម្មភាពប្លន់បានសម្រេចហើយ ក៏បែកផ្លូវគ្នា ចំណែកខ្លួនបានទៅលាក់ខ្លួននៅផ្ទះក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង