សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ នៅក្នុងនោះរដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាថ្នាក់ជាតិ ស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច»ក្រោមប្រធានបទ «ស្រ្តីក្នុងថា្នក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចជាបិតាក្នុងការជំរុញសមភាពយេនឌ័រ តាមរយៈគោលនយោបាយ សាធារណៈរួមមាន យុទ្ធសាស្ត្រត្រីកោណ (ឆ្នាំ១៩៩៨-២០០៣) និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០២៣ ដែលជាលទ្ធផលបានជំរុញឱ្យមានវត្តមានស្រ្តីកាន់តែច្រើនឡើងៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន។
ដោយឡែកក្នុងអាណត្តិទី៧ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តនេះបានបង្ហាញយ៉ាងច្បាស់ពីការបន្តយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ។
ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនជាពិសេសចំនួនស្រ្តីក្នុងវិស័យនយោបាយនិងសាធារណៈ។ យោងតាមរបាយការណ៍វឌ្ឍនភាពស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៣ បានបង្ហាញថា ស្រ្តីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ៣៥,៥%ប៉ុណ្ណោះ នៅទូទាំងសកលលោក។
ចំណែកនៅកម្ពុជា រដ្ឋសភានីតិកាលទី៧នេះ តំណាងស្រ្តីនៅក្នុងតំណែងថ្នាក់ដឹកនាំកំពូលដែលសមាជិកព្រឹទ្ធសភាជាស្រ្តី មានអត្រាកើនឡើងប្រមាណពី១៤,៧៥% ដល់១៦,១៣% ប៉ុន្តែចំនួនសមាជិករដ្ឋសភាជាស្រ្តីមានអត្រាធ្លាក់ចុះពី ២០,៨% មក ១៣,៦%វិញ។ ចំណែកអត្រាស្រ្តីនៅក្នុងស្ថាប័ននីតិប្រតិបត្តិនៅហាក់មិនមានការប្រែប្រួលខ្លាំងទេ គឺប្រមាណ១៥%។ ចំនួនស្រ្តីនៅក្នុងកម្រិតថ្នាក់ក្រោមជាតិ មានសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការចូលរួមរបស់ស្ត្រីនៅថ្នាក់មេឃុំ/ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានការកើនឡើងពី ១៣០នាក់ (ប្រមាណ ៨%) ដល់ ១៧៦នាក់ (ប្រមាណជា១១%) ក្នុងអាណត្តិទី៥ ពីឆ្នាំ២០២២-២០២៧។
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១០ក្នុងពិភពលោកដែលសម្រេចគោលដៅអភិវឌ្ឍសហស្សរ៍លើសុខភាពមាតា ដែលក្នុងនោះអត្រាមរណភាពមាតាបានធ្លាក់ចុះពី៤៧២ក្នុងឆ្នាំ២០០៥ ដល់១៥៤ នៅក្នុងចំណោម១សែនកំណើតរស់នៅឆ្នាំ២០២២។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២កម្ពុជាមានលំដាប់លេខ៤១ ក្នុងចំនោម១៤៦ប្រទេស ជាកម្មសិទ្ធិឬគ្រប់គ្រងដោយស្រ្តី នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់។
លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ជារួមស្រ្តីកម្ពុជាផ្តល់តម្លៃនិងទទួលស្គាល់នៅសហគមន៍អន្តរជាតិសម្រាប់ការចូលរួមថែរក្សាសុវត្ថិភាពនិងសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាននិងទី១៣ ក្នុងចំណោម១២០ប្រទេស ដែលបានបញ្ជូនទាហានស្រ្តីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការវិវឌ្ឍនេះសបញ្ជាក់ឱ្យឃើញថា នៅកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយពិតប្រាកដក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០និង ២០៥០។ ប៉ុន្តែមានបញ្ហាមួយចំនួន បានប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសលើស្រ្តីនិងកុមារ ដូចជាការប្រែប្រួល ស្មុគស្មាញ មិនប្រាកដប្រជារបស់ពិភពលោក វិបត្តិកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និង សង្គ្រាមកើតឡើងនៅ អ៊ុយក្រែន និងមជ្ឈឹមបូព៌ា ជាដើម។
ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ការពង្រឹងវិសមភាពយេនឌ័រ មានដូចជា ការពង្រឹងអភិបាលកិច្ចដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី។ ការលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា។ ការដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍ ជំនាញ ជាពិសេសជំនាញឌីជីថល និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមនឹងការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត តាមរយៈការ តាក់តែងគោលនយោបាយ និងច្បាប់ដែលឆ្លើយតបទៅនឹងយេនឌ័រ ដើម្បីបង្កលក្ខណៈកាន់តែប្រសើរដល់ស្រ្តីក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតជាដើម ៕