សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គល កង តារាវិឆៃ ដែលជាមេក្លោងបាញ់បោះសេរីនៅភ្នំគិរីរម្យ
កំពង់ស្ពឺ៖លោក សេង រិទ្ធី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ កាលពីពេលកន្លងទៅនេះ។
លោក សេង រិទ្ធី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ។ ការចាប់ខ្លួននេះ ធ្វើឡើងដោយចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួរជម្រាបថា ពាក់ព័ន្ធករណីបាញ់បោះសេរីនេះ មនុស្សចំនួន៤នាក់ហើយ ត្រូវបានចៅក្រមស៉ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ ការសម្រេចឃុំខ្លួននេះ ក្រោយតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ចូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធី។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងពីអត្តសញ្ញាណក្រុមខ្មាន់កាំភ្លើង ដូចខាងក្រោម៖១៖ ឈ្មោះ ប៊ិន ភរម្យ ភេទប្រុស អាយុ៤០ឆ្នាំ កាន់អាវុធខ្លី ម៉ាក PACOLT ២៖ ឈ្មោះ សុឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ម្ចាស់អាវុធខ្លី ម៉ាក BERETTA ៣៖ ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អាវុធខ្លី ម៉ាក CANIKSS ៤៖ ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានអាវុធ។
អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យ ចំនួន៤រូប រួមមាន៖ ទី១៖ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ប៊ិន ភារម្យ អាយុ៤០ឆ្នាំ, ទី៣៖ឈ្មោះ ប៊ិន ភាលុច អាយុ៣៤ឆ្នាំ និងទី៤៖ឈ្មោះ ឈិត លីហៀង អាយុ៣២ឆ្នាំ បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន៕