ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ជួប​​ពិភាក្សា​ជាមួយ​ ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម

39

ភ្នំពេញ៖ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើក ទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ នឹង ​ជា​អនុប្រធាន​ទី​១​ អា ជ្ញាធរ​មីន​ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំ សន្និសីទស្តីពីនិ សព្វាវុធកម្ម ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី ធុជ​ ក្នុង​នាមតំណាង ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អរគុណ ដល់ប្រទេសជប៉ុន សម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន។
ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បានលើកឡើងថាកម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនាមជាប្រធានកិច្ចប្រជុំ កម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម បានជម្រាបថាជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង២២ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិក។ ឯកឧត្តម ចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាមនុស្សធម៌នានារួមទាំងអនុសញ្ញាអូតាវ៉ានេះ ហើយបានបញ្ជាក់ថាជប៉ុននឹងគាំទ្រកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង