ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចគាំទ្ររបស់ធនាគារពិភពលោក សម្រាប់ពន្លឿនលទ្ធភាពទទួលបាន ការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ នៅកម្ពុជា

80

 

ភ្នំពេញ៖ ធនាគាពិភពលោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ នៅក្នុងខេត្តចំនួនបួន។

ថ្វីត្បិតប្រទេសកម្ពុជាមានវឌ្ឍនភាពច្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និង អនាម័យគួរអោយកត់សម្គាល់ក៏ពិតមែន នៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDG 6) ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០។ គិតត្រឹមឆ្នាំ២០២២ មានមិនដល់មួយភាគបីនៃប្រជាជនកម្ពុជាផងទេ ដែលមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងដោយសុវត្ថិភាព ហើយមានលើសមួយភាគបីបន្តិចប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់សេវាអនាម័យដែលមានការគ្រប់គ្រង់បានល្អ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ”។

គម្រោងជម្រុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (Water Supply and Sanitation Acceleration Project) នេះ ដែលមានរយៈពេលប្រាំមួយ (០៦) ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណប្រហែល ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖ “ការផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព និងសម្រាប់ការពង្រឹងសេដ្ឋកិច្ច។ គម្រោងនេះនឹងជួយរដ្ឋាភិបាលក្នុងការអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ខ្លួន ហើយយើងប្តេជ្ញាថានិងធានាឱ្យមានកំណើនប្រកបដោយចីរភាព នៅក្នុងវិស័យនេះ ក៏ដូចជាក្នុងការឈានទៅសម្រេចគោលដៅ SDG 6ឱ្យបានផងដែរ”។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រងសំណល់ទឹកកខ្វក់ និងភក់សំណល់បង្គន់ ដូច្នេះ ការវិនិយោគទៅលើប្រព័ន្ធអនាម័យក្រោមគម្រោងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធានាឱ្យបាននូវនិរន្តរភាពរបស់សេវាអនាម័យ ដែលនឹងធ្វើឱ្យវិស័យនេះមានការវិវឌ្ឍប្រែប្រួលជាវិជ្ជមានទៅថ្ងៃមុខ”។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាភាគីអនុវត្តន៍សកម្មភាពពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ជាភាគីអនុវត្តសកម្មភាពសេវាអនាម័យទីក្រុង នៅក្រោមគម្រោងនេះ។ ខេត្តទាំងបួនដែលជាគោលដៅរបស់គម្រោង មាន ខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង កណ្តាល៕

អត្ថបទដែលជាប់ទាក់ទង