ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីលើកឡើងពីភាពមិនប្រក្រតី ពាក់ព័ន្ធនិងសកម្មភាពបំពេញតួនាទីភារកិច្ច របស់លោកវរសេនីយ៍ត្រី ម៉េត គឹមសាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក

30

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញរបាយការណ៍ថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានទទួល និងពិនិត្យលើពាក្យប្ដឹង ដែលបានលើកឡើងថា លោកវរសេនីយ៍ត្រី ម៉េត គឹមសាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវ។ លោកវរសេនីយ៍ត្រី ម៉េត គឹមសាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានបំភ្លឺដូចខាងក្រោម៖

១. បន្ទាប់ពីគាត់បានចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ចាប់ពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននេះ គាត់ត្រូវបានប្រជាពលរដ្ឋប្តឹងដោយសារគាត់បានធ្វើការសម្របសម្រួល និង ដោះស្រាយជូនមិនសមដូចបំណងក្នុងនោះមានដូចជា៖

– ករណីបញ្ហាចងការប្រាក់ជាវិវាទកិច្ចសន្យារវាងប្រជាពលរដ្ឋ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ទទួលដោះស្រាយ ប៉ុន្តែការដោះស្រាយសម្របសម្រួលមិនត្រូវគ្នា ទើបបញ្ជូនករណីនេះទៅអធិការដ្ឋាន នគរបាលខណ្ឌ និងបញ្ជូនទៅតុលាការតាមនីតិវិធី។

– ករណីមេតុងទីនមិនព្រមសងប្រាក់ទៅកូនតុងទីនចំនួនជាង ៤.០០០ដុល្លារ ដែលករណីនេះគាត់បាន ហៅភាគីមកដោះស្រាយនៅប៉ុស្តិ៍ ដោយមេតុងទីនព្រមសងក្នុងមួយខែ ១.០០០.០០០រៀល ប៉ុន្តែកូន តុងទីនមិនព្រមតាមសំណើ។

– ករណីជម្លោះក្នុងគ្រួសារចំនួន ០១ករណី គាត់បានហៅភាគីមកធ្វើការសម្របសម្រួល ប៉ុន្តែមិនត្រូវ គ្នាទេ។

២. ចំពោះការចោទប្រកាន់ថា មានមន្ត្រីក្រោមបង្គាប់ ប្រើពាក្យសម្តីមិនសមរម្យទៅលើប្រជាពលរដ្ឋ លោក វរសេនីយ៍ត្រី ម៉េត គឹមសាន ទទួលស្គាល់ថា ពិតជាមាននាយរងប៉ុស្តិ៍ចំនួន ០២នាក់ ធ្លាប់បានប្រើពាក្យមិនសមរម្យ ជាមួយប្រជាពលរដ្ឋមែន។ ក្នុងនាមរូបគាត់ជានាយប៉ុស្តិ៍ គាត់បានសន្យាថា នឹងធ្វើការអប់រំណែនាំកូនចៅក្រោមបង្គាប់ កុំឲ្យប្រើពាក្យសំដីមិនសមរម្យដាក់ប្រជាពលរដ្ឋតទៅទៀត។

៣. ករណីលើកឡើងថា មិនបានប្រគល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនោះ លោកវរសេនីយ៍ត្រី ម៉េត គឹមសាន បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណដែលបានធ្វើរួចក្នុង ខែ កក្កដា និងខែ សីហា ឆ្នាំ ២០២៣ នៅសល់ តែ ១៣នាក់ ប៉ុណ្ណោះដែលគាត់បានទាក់ទងហៅមកយក ប៉ុន្តែម្ចាស់មិនមកយក ក្នុងនោះមានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះ យស់ សុចិត្រា
២. ឈ្មោះ ឈឿន ណឹង
៣. ឈ្មោះ ឧត្ដម សក្តិវិសី
៤. ឈ្មោះ សុខ លីន
៥. ឈ្មោះ ញាណ វីរីយ៉ា
៦. ឈ្មោះ ហ្គូវ រ៉ានីន
៧. ឈ្មោះ យ៉ែម សុផល
៨. ឈ្មោះ ឡូញ ដាណែត
៩. ឈ្មោះ ចែម សូលីដា
១០.ឈ្មោះ សារី ម៉ារីតា
១១.ឈ្មោះ ឈុនហាត វិទ្យា
១២.សឹត វិសាល
១៣.លាង រតនា

៤. ពាក់ព័ន្ធនឹងការលើកឡើងថា ប៉ុស្តិ៍នគរបាលមិនខិតខំពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋលោក វរសេនីយ៍ត្រី ម៉េត គឹមសាន បានលើកឡើងថា នៅក្នុងមូលដ្ឋានរបស់រូបគាត់ មានចំនួន ១៣ភូមិ ហើយកងកម្លាំង ប៉ុស្តិ៍មានតែចំនួន ១៣នាក់ ក្នុងនោះមានស្រី៣នាក់។ នៅពេលថ្ងៃ គឺកម្លាំងមកធ្វើការទាំងអស់មិនមានបញ្ហាអ្វីទេ ហើយនៅពេលយប់មានកម្លាំងប្រចាំការចំនួន ០៥នាក់ ហើយអ្នកចេញល្បាតតាមភូមិ ចំនួន ០២នាក់ និងចំនួន ០៣នាក់ ទៀត នៅប្រចាំការប៉ុស្តិ៍នគរបាលរដ្ឋបាល។ កន្លងមកប៉ុស្តិ៍នរគបាលកន្ទោក បានអនុវត្តតួនាទីការពារសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្ដែង១ខែកន្លងទៅនេះ កម្លាំងប៉ុស្តិ៍បានបង្ក្រាបករណ៏ មួយចំនួន ដូចជា កាច់កម៉ូតូ គ្រឿងញៀន ក្មេងទំនើងបង្ករឿងជាដើម។

៥. ករណីមិនប្រក្រតីផ្សេងៗទៀតដូចជា ករណីជម្លោះអ្នកផ្ទះជាប់គ្នារឿងចាក់ធុងបាស់បង្កការរំខានដល់ អ្នកជិតខាង និងមានពាក្យសម្តីមិនសមរម្យធ្វើឲ្យប៉ះពាល់អ្នកដទៃ នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល គឺប៉ុស្តិ៍ នគរបាលរដ្ឋបាលបានចេញលិខិតកោះហៅភាគីទាំងពីរមកដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ឈប់រួចហើយ។ ចំពោះការ សម្របសម្រួលគ្នាភាគីទាំងសងខាងបានយល់ព្រមសងចំនួន ២៥០ដុល្លារ សម្រាប់ការបញ្ចប់រឿង តែភាគីម្ខាងទៀត មិនព្រមទទួលយកប្រាក់ចំនួន ២៥០ដុល្លារ ទើបបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដោះស្រាយបន្ត។ តាមរយៈការស្រាវជ្រាវប្រមូលព័ត៌មានចំហពីប្រភពនានារបស់ អ.ប.ព. នៅក្នុងមូលដ្ឋានបានបង្ហាញថា លោក ម៉េត គឹមសាន នាយប៉ុស្តិ៍នគរបាលដែលទើបផ្លាស់មកថ្មីប្រហែល២ឆ្នាំ បានបំពេញការងារការពារសន្តិសុខ សុវត្ថិភាព និងការងាររបស់រូបគាត់ដូចធម្មតាមិនមានបញ្ហាលេចឮអ្វីទេ។ លោក អង តេង អតីតមេប៉ុស្តិ៍នគរបាល រដ្ឋបាលកន្ទោកបានរៀបរាប់ថា លោកវរសេនីយ៍ត្រី ម៉េត គឹមសាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ទើបតែមកកាន់តំណែងនៅក្នុងអំឡុងឆ្នាំ ២០២១ ហើយការដឹកនាំរបស់គាត់ (ម៉េត គឹមសាន) មើលទៅមិនអីទេ ព្រោះសង្កាត់កន្ទោកមានដែនដីរដ្ឋបាលធំ ហើយមានចំនួន ១៣ភូមិ និងមានប្រជាពលរដ្ឋបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឆ្នាំ ២០២២ ចំនួន ១១.០៩៣នាក់។

លោក អង តេង បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីរូបគាត់ចូលនិវត្តន៍ ក៏មាន មន្ត្រីនគរបាលបានសុំផ្ទេរចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ជាបន្តបន្ទាប់អស់ ១០នាក់។ លោក យ៉ង់ ស៊ីថុល ចៅសង្កាត់កន្ទោក បានលើកឡើងថា បញ្ហាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ប្រើពាក្យមិនសមរម្យដាក់ប្រជាពលរដ្ឋ មានលេចឮបែបនេះមែន ចំណែករឿងអត្តសញ្ញាណប័ណ្ណដែលបានធ្វើរួចហើយ មិនបានប្រគល់ជូនប្រជាពលរដ្ឋអាចបណ្តាលមកពីមន្ត្រីនគរបាលប៉ុស្តិ៍សុទ្ធសឹងជាអ្នកទើបចូលថ្មី មានមន្ត្រីតែ ០២នាក់ប៉ុណ្ណោះ ដែលជាមន្ត្រីចាស់។ អ.ប.ព. សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដូចមានឈ្មោះខាងលើ ដែលបានធ្វើអត្តសញ្ញាណប័ណ្ណ ជនជាតិខ្មែររួចហើយ សូមអញ្ជើញទៅយកអត្តសញ្ញាណរបស់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក៕

 

អត្ថបទដែលជាប់ទាក់ទង