ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំបានប្រកាសថា លទ្ធផលប្រឡង #BacII2023 សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ សិស្សទទួលបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់

40

 

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និង ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តដទៃទៀត ។
ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២.៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់, និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩នាក់ ។

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០២៣ បានអញ្ជើញចុះពិនិត្យដំណើរការនៃការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ក្រោមការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថាគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គ្រប់គណៈកម្មការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមជម្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាលនឹងត្រូវប្រកាសនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយឡែកសម្រាប់មណ្ឌលតាមបណ្ដាខេត្តនឹងត្រូវប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងមានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង