ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង បានថ្លែងផ្ដាំផ្ញើទៅដល់កីឡាករកីឡាការិនីអុំទូកទាំងអស់ នៅក្នុងអំឡុងនៃការប្រកួតអុំទូក នៅក្នុងព្រះរាជពិធីអុំទូក អកអំបុកសំពះព្រះខែខាងមុខនេះ ហាមដាច់ខាតមិនឲ្យមានអំពើហិង្សា កើតឡើងផ្តើមចេញពីពាក្យសំដី

36

 

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខណៈលោក និងលោកស្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីនេះ នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ

លោកឃួង ស្រេង បានថ្លែងផ្ដាំផ្ញើទៅដល់កីឡាករកីឡាការិនីអុំទូកទាំងអស់ នៅក្នុងអំឡុងនៃការប្រកួតអុំទូក នៅក្នុងព្រះរាជពិធីអុំទូកអកអំបុកសំពះព្រះខែខាងមុខនេះ ហាមដាច់ខាតមិនឲ្យមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស» កិច្ចការនេះ យើងក៏បានឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក៏ដូចជាអ្នកគ្រប់គ្រងកីឡាករកីឡាការិនីធ្វើការណែនាំបន្ត។
សម្រាប់កីឡាករ ឆ្នាំនេះចាញ់គេ ឆ្នាំក្រោយមិនប្រាកដថាចាញ់ទេ យើងត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត នោះនឹងទទួលបានជោគជ័យ។
សម្រាប់កីឡាករកីឡាការិនីទាំងអស់ សូមរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ ហើយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ក៏ត្រូវតែមើលថែកីឡាករ កុំឲ្យគាត់ដើរលេងយប់ជ្រៅ ហូបចុកគ្រឿងស្រវឹងដែរធ្វើឲ្យប៉ះពាល់ដល់ទៅដល់កម្លាំង។

លោកបន្តថា ពិធីបុណ្យអុំទូកធ្វើឡើងដើម្បីរំលឹកទៅដល់គុណបុព្វបុរសខ្មែរយើងពីជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែលបានការពារមហានគររបស់យើងបានរឹងមាំនាសម័យនោះ។ ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេច មហាបវរធិបតីហ៊ុនម៉ាណែត ក្រោយប្រទេសកម្ពុជាយើងទទួលជោគជ័យយ៉ាងធំធេងលើការគ្រប់គ្រងជំងឺរាលកូវីដ-១៩។

អនុវត្តតាម អនុសាសន៍ការណែនាំរបស់សម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែល
មកលេងបុណ្យអុំទូកនៅឆ្នាំនេះ ពោលគឺធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួលបាននូវភាពរលូននិងជោគជ័យ។ នេះជាសមិទ្ធផលដ៏ធំធេងនេះ កើតចេញពីប្រទេសមានសន្តិភាពពេញលេញ ក្រោយពីកម្ពុជាបានបាត់បង់ជាង ៥០០ឆ្នាំមកហើយនោះ។

ក្រៅពីការសំណេះសំណាលជាមួយកីឡាករកីឡាការិនីអុំទូក លោកឃួង ស្រេង ក៏បាននាំនូវអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជូនកីឡាករកីឡាការិនីចំណុះទូកទាំង៤៤ទូកផងដែត ដែលក្នុងកីឡាករម្នាក់ ទទួលបាន អាវនិងមួកពីរកំផ្លេ ជាមួយនឹងថវិកា ៣ម៉ឺនរៀល។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ មានទូក ង ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៤៤ទូក ក្នុងនោះទូកអ៊ុអន្តរជាតិចំនួន១២ទូក ទូកអ៊ុបុរសមានចំនួន២៥ទូកនិងទូកចែវចំនួន៧ទូក៕

អត្ថបទដែលជាប់ទាក់ទង