ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចិនប្តេជ្ញាចិត្តបន្តគាំទ្រ គ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត

129

 

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោកជំទាវ Shen Yueyue អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមាន៧មករា រាជធានីភ្នំពេញ។

លោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្តម វ៉ាង ហួយនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជូនចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូនប្រជាជន។ ទស្សនកិច្ចរបស់លោកជំទាវលើកនេះ បានជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។

សម្តេចតេជោបានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់ អគ្គលេខាធិការបក្សកុម្មុយនីស្ត ចិន ជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា។ ភាគីចិន បញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន។

ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរប្តេជ្ញាចិត្តបន្តគាំទ្រ គ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត។ ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ា អភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរបានប្ដេជ្ញាបន្តបង្កើននូវសមិទ្ធិផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆារ និងអង្គរ ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា៕

អត្ថបទដែលជាប់ទាក់ទង