ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ បានរកឃើញថា ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលមានទីតាំងគម្រោងអភិវឌ្ឍដីឡូត៍នៅ ខណ្ឌកំបូល គ្មានអាជ្ញាបណ្ណអភិវឌ្ឍ អាជីវកម្មដីឡូត៍

97

 

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំនៅថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ ដោយគ្មានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលមានគម្រោងនៅខណ្ឌកំបូល រាជធានីភ្នំពេញ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ អនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមាន “រាល់ការប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឱ្យមានអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ពី ន.អ.ប.” ។

ន.អ.ប. បានរកឃើញថា ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលមានទីតាំងគម្រោងអភិវឌ្ឍដីឡូត៍នៅភូមិ ត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ គឺជាគម្រោងអភិវឌ្ឍដីឡូត៍ ដែលគ្មានអាជ្ញាបណ្ណអភិវឌ្ឍ អាជីវកម្មដីឡូត៍ពី ន.អ.ប. ដែលសកម្មភាពនេះត្រូវបានចាត់ទុកថាជាការប្រកបអាជីវកម្មខុសច្បាប់ដែលតម្រូវឱ្យ បញ្ឈប់សកម្មភាពគម្រោងខាងលើទាំងស្រុងជាបន្ទាន់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនដែលបានទិញ ឬមានបំណងទិញដីឡូត៍ពីក្រុមហ៊ុន ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនានាដែលអាចកើតមានឡើង បណ្ដាលមកពីការអភិវឌ្ឍដីឡូត៍
មិនស្របតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមរំលឹកថា នៅរសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៣ នេះ ក្រុមឧកញ្ញ៉ា ជា សារ៉ន និងបក្សពួក ត្រូវបានចៅក្រមសើបសួរសាលាដំបូង ខេត្តកំពត សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ពីបទឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ បន្ទាប់ពីតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតរួចរាល់
ដើម្បីបន្តរនិតិវិធីជាមួយតំណាងក្រុមហ៊ុនពាក់ពន្ធ័ សំណងជូនប្រជាពលរដ្ឋ ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បង្គាប់
១ . ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំង
សាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរដែលមានសាវតារជាតិខាងលើ ទៅពន្ធនាគារខេត្តកំពត ដោយ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២ – ប្រធានពន្ធនាគារខេត្តកំពតទទួលនិងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣ – គ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវ បានបង្ហាញក្នុងករណីចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង