ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

53

 

ភ្នំពេញ ៖ កងកម្លាំងគ្រប់គ្រប់ប្រភេទបានត្រៀមកម្លាំងរួចជាស្រេច ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅ៣ថ្ងៃពីថ្ងៃទី២៦ដល់២៨ វិច្ឆិកា។ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន១៤គោលដៅខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។

ថ្លែងនៅក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅវាលព្រះមេរុនៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនំាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈ បំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងស្នើសូមឱ្យកងកម្លាំងយើងទាំងអស់យកស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតថា ភារៈកិច្ចរបស់យើងគឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្តនិងជឿជាក់មកលើកងកម្លាំងរបស់យើងជារៀងរហូតមក និងសូមយើងទាំងអស់គ្នាយកស្មារតីនិងទំនុកចិត្តរបស់ពួកគាត់នេះ ខិតខំប្រឹងប្រែងធ្វើយ៉ាងណា ការពារពួកគាត់ឱ្យបានល្អប្រសើរទៅតាមការទុកចិត្តរបស់ពួកគាត់មកលើយើង។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណនូវស្មារតីទទួលខុសត្រូវរបស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែង ធ្វើកិច្ចការងាររក្សាសន្តិសុខសណ្តាប់ធ្លាប់។ ឯកឧត្តមបន្ថែមថា ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាន ឧបត្ថម្ភថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ ជាងនេះទៅទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈក្នុងការរៀបចំទំនុកបម្រុង ដើម្បីជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រសើរ៕

 

អត្ថបទដែលជាប់ទាក់ទង