ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ចូលរួមអបអរសាទរ ដែលអង្គសន្និសីទរដ្ឋភាគីលើកទី២១ ផ្ដល់សិទ្ធធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឆ្នាំ២០២៤ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន

41

ភ្នំពេញ៖ កម្ពុជា ចូលរួមអបអរសាទរ ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ ផ្ដល់សិទ្ធធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឆ្នាំ២០២៤ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ។ នៅថ្ងៃសៅរ៏១៣កើត ខែកត្ដិកឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក លី ធុជ ឧបនាយករដ្ឋមន្ដ្រី នឹងអនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា៖ កម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបោះឆ្នោតជ្រើសតាំងកម្ពុជា ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា“កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។

លោក លី ធុជ ឧបនាយករដ្ឋមន្ដ្រី នឹងអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា៖
កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយ កម្ពុជា គឺ ជាប្រទេសទី ៥ នៅលើសកលលោក និង ជា ប្រទេស ដំបូងគេ បង្អស់ ក្នុងតំបន់អាស៊ី ដែលធ្វើជា ប្រធាន និង ជាម្ចាស់ផ្ទះដឹកនាំ កិច្ចប្រជុំនេះ ។ កិច្ចប្រជុំលើកទី១ធ្វើនៅ ប្រទេស កេនយ៉ា ឆ្នាំ ២០០៤ លើកទី២នៅប្រទេស កូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅ ប្រទេស ម៉ូសំប៊ិក ឆ្នាំ ២០១៤លើកទី៤នៅប្រទេស ន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅ ប្រទេស កម្ពុជា ឆ្នាំ ២០២៤ ខាងមុខ។

លោក លី ធុជ ឧបនាយករដ្ឋមន្ដ្រី នឹងអនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា៖ ក្នុង នាម ជា ប្រធាន និង ម្ចាស់ ផ្ទះ ដឹកនាំ កិច្ច ប្រជុំ កម្ពុជា បានជ្រើសយក ទឹកដី ខេត្ត សៀមរាប សម្រាប់ ការ រៀបចំ និង មានការ ចូលរួម ពី រដ្ឋសមាជិក ចំនួន ១៦៤ ប្រទេស និង រដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ -ស្ថាប័ន ពិភពលោក ជាច្រើនទៀត ។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ មើលលើ វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង មក ។

លោក លី ធុជ បានបន្ដថា៖ កម្ពុជា គ្រោង នឹង ដាក់ ចេញ នូវ ការ ងារ អាទិភាព ចំនួន ៣ រួម មាន ៖ ១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា ។ ២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញាបោស សម្អាតមីនប្រឆាំងមនុស្ស ។ ៣. ជួយជនរង គ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាង នេះ ទៅទៀត កម្ពុជា នឹងរៀបចំ ឱ្យ មានជា សេចក្តី ថ្លែងការណ៍ ស្តីពី ផែនការសកម្មភាព ៥ឆ្នាំបន្ត សម្រាប់ រដ្ឋសមាជិក និង ភាគី ពាក់ព័ន្ធ ទាំង អស់ យកទៅ អនុវត្ត ន៍ ដោយមានឈ្មោះថា “សេចក្តី ថ្លែង ការ ណ៍ សៀមរាប -អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan” ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។

អនុសញ្ញាអូតាវ៉ា ឬហៅបានថា អនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញា របស់ អង្គការ សហប្រជាជាតិ និង ជា ការឆ្លើយតបគ្រប់ជ្រុង ជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង