ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីអកអំបុកតាមប្រពៃណីទំនៀមទំលាប់ពីដូនតា នៅរមណីយដ្ឋានវត្តភ្នំ

119

ភ្នំពេញ៖ស្របពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយរីរាយក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលជាប្រពៃណីទំនៀមទំលាប់បន្សល់ទុកតាំងពីដូនតាមក រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យមានពិធីអកអំបុកនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំដែលជាបេះដូង និងជានិមិត្តរូបនៃរាជធានីភ្នំពេញនាពេលរាត្រីថ្ងៃ១៥កើតពេញបូណ៌មី ខែកត្តិក ឆ្នាំថោះព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧វិច្ឆិកា ឆ្នាំ ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកជំទាវ តំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ឯកឧត្តម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ពិធីនេះត្រូវបានខកខានមិនបានប្រារព្វធ្វើតាំងពី៣ឆ្នាំមុនដោយសារការរីករាលដាលនៃជំងឺកូវីដ.១៩ ហើយឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីនេះឡើងវិញចំថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើងវិញជាលើកដំបូងផងដែរ ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ដែរថា៖ នេះក៏ជាព្រះរាជពិធីមួយដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។

ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុកមាន៖អំបុក, ចេកទុំ, ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការៈបូជាមួយចំនូនទៀត។ ពិធីនេះភាគច្រើនគេប្រារព្វឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះច័ន្ទរះ ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីបផងដែរ។ សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។ ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះច័ន្ទរះពេញវង់ ដើម្បីសំដែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។ នេះបើយោងតាមព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះនាមសៀង សុវណ្ណារ៉ា បានឲ្យដឹង។ ពេលអកអំបុកគេរង់ចាំដល់ព្រះខែរះពេញវង់ចំពីលើក្បាល ទើបចាប់យកអំបុកទៅជូនអ្នកមានគុណចាស់ទុំមិត្តភក្តិអកក្នុងភាពសប្បាយរីករាយ មុនអកអំបុកគេត្រូវដាក់អំបុក ថ្វាយព្រះខែជាមុនសិនដោយមានអមដោយផ្លែឈើចំរុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើមដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វ ដែលចាប់កំណើតជាសត្វទន្សាយដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែតាមដំណើររឿងព្រេងរវាងព្រាហ្ម និងសត្វទន្សាយជាព្រះពោធិសាត់។ ក្រុមព្រាហ្មណ៍ ក៏ចាប់ផ្តើមសន្យាថា៖ នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗដាក់ថ្វាយសត្វទន្សាយពោធិសត្វ នៅពេលព្រះច័ន្ទពេញបូណ៌មីនាថ្ងៃ១៥កើតខែកត្តិកដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ។យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបញ្ជាក់ពីប្រវត្តិនៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា៖សសបណ្ឌិត។ឯកសារដដែលបញ្ជាក់ថា៖ នៅថ្ងៃដែលព្រះចន្ទ
ពេញបូណ៌មី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួនដោយបំណងធ្វើជីវិតសម្រាប់បរិច្ចាគដើម្បីបំពេញនូវពោធិសម្ភារៈឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕

អត្ថបទដែលជាប់ទាក់ទង