ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ថ្ងៃផ្តាច់ព្រ័ត្រ នៃព្រះរាជពិធីបុណ្យអុំទូក

43

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ទតព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាព្រះពន្លាជ័យ មុខព្រះបរមរាជវំាង ក្នុងថ្ងៃទី២៨  ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់នូវព្រះពិធីបុណ្យគម្រប់រយៈពេលបីថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រួមនិងឥស្សរជនជាន់ខ្ពស់សំខាន់ៗជាច្រើនទៀតមាន សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំឧត្តមក្រុមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សមាជិកសមាជិកា ព្រឹទ្ឋសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានយាងនិងអញ្ជើញដង្ហែព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នៅក្នុងថ្ងៃបញ្ចប់ព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប  និងសំពះព្រះខែ អកអំបុកនេះ គេសង្កេតឃើញវត្តមានកាន់តែយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី រួមនិងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ បានចូលរួមទស្សនានិងដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យយ៉ាងសប្បាយរីករាយជាទីបំផុត។

ក្រោយពីការប្រណំាងទូកងបានចប់សព្វគ្រប់ជាស្ថាពរ មានប្រារព្ឋពិធីកាត់ព្រ័ត្រ ដែលជាការបិទបញ្ចប់នូវព្រះរាជពិធីបុណ្យ ដោយបរិបូរណ៍។  ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចយាងប្រទាននូវព្រះរាជរង្វាន់ជានិមិត្តរូប ជូនដល់ក្រុមកីឡាករនិងកីឡាការិនីទូកង ដែលទទួលបានជ័យលាភីផងដែរ។

ក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ នៅឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំព្រះរាជពិធីបុណ្យជាតិដ៏ល្អផូរផង់បានយ៉ាងអធិកអធម ដំណើរការទៅដោយរលួន ក្រោមបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែងជាទីបំផុត និងបានបង្ហាញពីវប្បធម៌ អរិយធម៌ដ៏ចំណាស់និងរុងរឿងរបស់ខ្មែរ ជូនដល់ពិភពលោកបានដឹងនិងបានស្គាល់កាន់តែច្បាស់។

សន្តិភាពមិនត្រឹមផ្តល់ឱកាសឱ្យយើងរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់ប៉ុណ្ណោះទេ។ សន្តិភាពបានផ្តល់នូវលទ្ធភាព គ្រប់យ៉ាងដល់យើងក្នុងការរៀបចំពិធីបុណ្យជាតិធំៗ ក៏ដូចជាការអភិរក្សនិងអភិវឌ្ឍន៍នូវវប្បធម៌ ប្រពៃណីជាតិ ឱ្យបានស្ថិតស្ថេរគង់វង្សជាជាអមតៈតរៀងទៅ។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋ ក្រុមកីឡាករ កីឡាការិនី ទាំងអស់ធ្វើដំណើរត្រឡប់ទៅកាន់ភូមិស្រុកវិញប្រកបដោយសុខ សុវត្ថិភាព គ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង