ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយទំនុកបម្រុងសិស្សនិទ្ទេស A ក្រខ្សត់ម្នាក់ឈ្មោះ អន ផានិត និងក្រុមគ្រួសារ ដែលឪពុកម្តាយមានពិការភាព ហើយជួបការលំបាក

74

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសថា នឹងជួយទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ម្នាក់ ឈ្មោះ អន ផានិត និងក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាពរស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និងរស់នៅសមរម្យឡើងវិញ។

សិស្សនិទ្ទេស A មែន ផានិត និងក្រុមគ្រួសារ ត្រូវបានសម្ដេចពុក ហ៊ុន សែន និងសម្ដេចម៉ែ បានជួយក្មួយអោយបានចូលរៀនមហាវិទ្យាល័យ តាមជំនាញដែលក្មួយចង់បាន និងមធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែក្នុងការរៀនសូត្រផងដែរ ជាពិសេសបានការស្នាក់
នៅជាមួយនឹងទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈ
ឯកឧត្តម ហ៊ីង ប៊ុនហៀង មើលការខុសត្រូវលើក្មួយផ្ទាល់។
ចំពោះក្រុមគ្រួសារ សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត
ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ
មិនត្រឹមប៉ុណ្ណឹង បានជួយចេញលុយដែរក្រុមគ្រួសារជំពាក់គេ កន្លងមកឲ្យអស់ និងឧបត្ថម្ភប្រចាំខែ ១ លានរៀល ។

តាមរយៈសារតាមបណ្តាញតេលេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ លោក សេង ទៀង ជំនួយការរបស់សម្តេចរៀបចំថវិកាដើម្បីជួយក្មេងប្រុសខាងលើ និងជួយសងបំណុល ដែលគ្រួសារក្មេងខាងលើជំពាក់គេផងដែរ។ បន្ថែមពីនេះ សម្តេចស្នើឱ្យរៀបចំកន្លែងស្នាក់នៅជាមួយ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ព្រមទាំងស្វែងរកសាលាឱ្យក្មេងនេះ រៀនជំនាញនៅសាកលវិទ្យាល័យ ព្រមទាំងទិញម៉ូតូ ដើម្បីឱ្យយុវសិស្សក្រីក្រី អន ផានិត ដែលមានឪពុកម្តាយសុទ្ធសឹងតែជាអ្នកមានពិការភាពនោះ ធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យផងដែរ។ បន្ថែមពីនេះ សម្តេចក៏ណែនាំឱ្យរៀបចំសង់ផ្ទះថ្មីមួយជូនដល់គ្រួសាររបស់ យុវសិស្ស អន ផានិត ព្រមទាំងទំនុកបម្រុងថវិកាដល់គ្រួសារ១ខែ១លានរៀលផងដែរ។

សូមបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» ឈ្មោះ អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៉ីម អង្គរជ័យ។ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បើទោះបី ជីវភាពខ្វះខាត ហើយឪពុកម្ដាយពិការ ប៉ុន្ដែយុវជន អន ផានិត បានតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស «A» ហើយនៅថ្ងៃខាងមុខ មានបំណងចង់បន្ដសិក្សាផ្នែកវិស្វករផងដែរ៕

អត្ថបទដែលជាប់ទាក់ទង