សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន គោរពដឹងគុណដល់គម្រូ វីរភាពនារីដែលបានចូលរួមក្នុងការរំដោះជាតិ មាតុ ភូមិ ក្នុងឱកាសខួប ៤៥ឆ្នាំ នៃថ្ងៃកំណើត របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលេជាមួយនិវត្តន៍ជនជានារី នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលមានស្នាដៃ និងអបអរសាទរក្នុងឱកាសខួបលើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត បានមាន ប្រសាសន៍ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ខាងមុខនេះ គឺជាថ្ងៃកំណើត របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ហើយក៏ជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាផងដែរ។ សមាគមនារីកម្ពុជា បានចាប់កំណើតឡើងក្នុងកាលៈទេសៈដែល ប្រទេសជាតិជួប នូវគ្រោះអាសន្នដែលបង្កឡើងដោយ របបប្រល័យពូជសាសន៍ ។ សមាគមនារីក៏បានបំផុសបងប្អូននារីគ្រប់ ស្រទាប់វណ្ណៈ ជាកសិករ កម្មករ បញ្ញវ័ន្ត ជនជាតិភាគតិច រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍ ១១ ខ របស់រណសិរ្សសាមគ្គីង្គ្រោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីបានចូលរួមធ្វើសកម្មភាពយ៉ាងអង់អាចក្លាហានប្រកប ដោយវីរភាពនិងឆន្ទៈមោះមុត ដើម្បីរំដោះជាតិ មាតុភូមិនិងប្រជាជនឲ្យផុតពីរបបប្រល័យពូជសាសន៍ដ៏កំណាចឃោរឃៅ បានចលនាប្រជាជននិងនារីគ្រប់លំដាប់ថ្នាក់ និងបំពេញភារកិច្ចសំខាន់ៗជាប្រវត្តិសាស្ត្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈតស៊ូ លះបង់ ជំនះគ្រប់ឧបសគ្គដោយមិនគិតពីការលំបាកនឿយហត់ ដើម្បីចូលរួមចំណែកស្តារ ការពារនិងកសាងមាតុភូមិកម្ពុជា ដែលរងការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត តាំងពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន និងនៅតែបន្តរួមគ្នាធ្វើសកម្មភាពដើម្បីសម្រេចឲ្យបាននូវគោលនយោបាយ របស់បក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនៅគ្រប់អាណត្តិនិងគ្រប់តំណាក់កាល។
នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគោរព និងដឹងគុណដល់គម្រូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធនារី និងសូមលំឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធរបស់យុទ្ធនារី និងបងប្អូននារីទាំងអស់ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងសូមបួងសួងដួងវិញ្ញាណក្ខ័ន្ធពួកគាត់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លើសពីនេះសម្តេចក៏បានអរគុណចំពោះបងប្អូននារីដែលជាអតីតថ្នាក់ដឹកនាំសមាគមនារី និងនិវត្តន៍ជនទាំងអស់ដែលក្នុងមួយជីវិតនេះបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីផលប្រយោជន៍និងវឌ្ឍនភាពរបស់ស្ត្រី និងសូមចូលរួមអបអរសាទរ និងគោរពដឹងគុណចំពោះបងប្អូននារីដែលកំពុងបម្រើការងារនៅគ្រប់វិស័យ គ្រប់លំដាប់ថ្នាក់ទាំងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងមិនខ្លាចការលំបាកនឿយហត់បង្កើតនូវសមិទ្ធិផល ថ្មីៗល្អៗជាច្រើនឥតគណនាដើម្បីវឌ្ឍនភាពរបស់មាតុភូមិកម្ពុជា។
ជាចុងក្រោយ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងថ្ងៃនេះចំនួនជិត ១០០នាក់ បានទទួលនូវ ថវិកា សំពត់សឹង១ ក្រម៉ា១ និងរៀបចំទទួលទានអាហារសាមគ្គីរួមគ្នា៕ សំរិត