ខួបលើកទី ១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះមហាក្សត្រកម្ពុជា
ភ្នំពេញ៖ ផេកព្រះបរមរាជវាំង Royal du Cambodge បានផ្សាយថា សូមថ្វាយព្រះសព្ទសាធុការពរខួបអនុស្សាវរីយ៍លើកទី ១៤ឆ្នាំ ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នាវេលាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួបទី ១៤ នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ និងជាទីស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រកម្ពុជា។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ ព្រះរាជពិធីបុណ្យគម្រប់ ១៤ ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង តាងនាមទូលព្រះបង្គំជាប្រជានុរាស្ត្រ មានសេចក្ដីសោមនស្សរីករាយ សូមលំឱនកាយលើកហត្ថប្រណម្យបង្គំអញ្ជលី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី អស់វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ្ឆត្រ គុណបុណ្យព្រះបារមីអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីតេជានុភាព ព្រះវិញ្ញាណក្ខន្ធ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមេត្តាតាមជួយគ្រងអភិបាលថែរក្សាការពារ និងប្រោះព្រំនូវទឹកអម្រឹតប្រទានព្រះរាជសព្ទសាធុការពរ បវរសួរស្តី សិរីវឌ្ឍនាជយាមង្គល វិបុលសុខមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រកម្ពុជា សូមព្រះអង្គ ព្រះប្រកបតែ ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជា មហាម្លប់ដ៏ត្រជាក់ ដល់កូនចៅប្រជានុរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ដរាបតរៀងទៅ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា ២០០៤-២៩ តុលា ២០១៨)ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះរាជានុញ្ញាត តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវមនោសញ្ចេតនា ដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ស្មោះស្ម័គ្របំផុត ចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហាធម៌ ប្រកបដោយទសពិធរាជធម៌ របស់ព្រះករុណា ជាពិសេសចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ។
ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងវិស័យការបរទេស របស់ព្រះករុណាជាអម្ចាស់ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រីកនីតិរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ជាតិឱ្យកាន់តែមានសន្ទុះរីកចម្រើន ជឿនលឿនខ្លាំងក្លាបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខដល់ប្រជានុរាស្ត្រ របស់ព្រះអង្គជានិច្ចនិរន្តរ៍៕