ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ​​​ឥណ្ឌូណេស៊ី Lion Air ដឹកអ្នកដំណើរ 188 នាក់ ធ្លាក់ចូល​ក្នុងសមុទ្រ

223


ជើងហោះហើរឥណ្ឌូណេស៊ី Lion Air បានធ្លាក់កាលពីព្រឹកថ្ងៃចន្ទ ក្នុងរយៈពេលខ្លី បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាការតា ទៅប៉ាងកាលភីនង។

ភ្នាក់ងារជួយសង្គ្រោះ និងស្វែងរកឥណ្ឌូណេស៊ី បាននិយាយថា យន្តហោះ JX610 បានធ្លាក់ចូលសមុទ្រ នៅកោះជ្វា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ បន្ទាប់ពីបានចាកចេញពីរដ្ឋធានីហ្សាការតា។

ប្រតិបត្តិការរុករក និងជួយសង្គ្រោះ ត្រូវបានរាយការណ៍ថា កំពុងដំណើរការ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បំណែកនៃយន្តហោះ និងវត្ថុផ្ទាល់ខ្លួនមួយចំនួន របស់អ្នកដំណើរ ត្រូវបានគេរកឃើញនៅសមុទ្រចាវ៉ា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា យន្ដហោះនេះផ្ទុកមនុស្ស 188 នាក់ រួមទាំងអ្នកដំណើរនិងសមាជិកនាវិក។
លោក Yusuf Latif អ្នកនាំពាក្យរបស់ទីភ្នាក់ងារ ជួយសង្គ្រោះឥណ្ឌូណេស៊ី បាននិយាយថា “វាត្រូវបានបញ្ជាក់ថាវាបានធ្លាក់។

យន្ដហោះនេះ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅវេលាម៉ោង 6 និង 20 នាទីព្រឹកម៉ោងក្នុងស្រុក ហើយត្រូវបានកំណត់ ពេលមកដល់ Pangkal Pinang នៅកោះ Bangka នៅប្រហែលម៉ោង 7:20 នាទីក្នុងស្រុក។

យោងតាមមន្ត្រីនោះ បានឱ្យដឹងថា យន្តហោះ Lion Air JT 610 បានបាត់ការទាក់ទង 13 នាទី បន្ទាប់ពីហោះចេញ។
មូលហេតុនៃការធ្លាក់យន្តហោះនេះ នៅតែមិនទាន់ដឹងនៅឡើយ ហើយរហូតមកដល់ពេលនេះ មិនមានរបាយការណ៍ស្តីពីចំនួនជនរងគ្រោះទេ។

មន្ត្រីឥណ្ឌូណេស៊ី​បានបញ្ជាក់ថា យន្តហោះខាងលើនេះ​ ជាប្រភេទ Boeing 737 MAX 8 ជា​​ប្រភេទ ២១០កៅអី បានធ្លាក់ចូល​​ទៅក្នុងសមុទ្រ​ ៕

អត្ថបទដែលជាប់ទាក់ទង