បុរសជនជាតិចិនម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅក្នុងដីឡូត៍មួយកន្លែង
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដើរសំដៅចូលទៅក្នុងដីឡូត៍មួយកន្លែង រួចយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងមួយគ្រាប់ ចំសៀតផ្កាបណ្តាលឲ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង ៦និង ៣០នាទីយប់ថ្ងៃទី ០៣ខែធ្នូឆ្នាំ២០២៣ ចំណុចក្នុងដីឡូត៍មួយកន្លែងតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
បើយោងតាមការបញ្ជាក់ពីពលរដ្ឋបានឃើញហេតុការណ៍ខាងលើ បានបង្ហើបឲ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះ ជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ពុំដឹងថា ដើរចេញមកពីចំណុចណាមកនោះទេ រួចក៏ឃើញដើមកសំដៅចូលទៅក្នុងដីឡូត៍មួយកន្លែង ជាកន្លែងកើតហេតុខាងលើក្រោយមកទៀត ក៏បានដើរចេញមកវិញ ពីទៅបីដងហើយក៏ត្រឡប់ចូលទៅវិញមួយសន្ទុះក្រោយមក ស្រាប់តែឭស្នូគ្រាប់កាំភ្លើងផ្ទុះមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូរ និងពលរដ្ឋជិតខាងរត់ទៅមើលស្រាប់តែស្រឡាំងកាំង ឃើញគ្រាប់កាំភ្លើងបាញ់ចំសៀតផ្កាមួយគ្រាប់ បន្ទាប់ពីបាញ់ប្រហារលើខ្លួនឯងរួច ក៏ឃើញកាំភ្លើងដាក់ជាប់នៅលើដើមទ្រូង។
បន្ទាប់មកទៀតពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចក្ខុកោសល្យវិច្ច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យក្រោយពីរខាងជំនាញពិនិត្យ រួចបានបញ្ជាក់ថាសពជនរងគ្រោះពិតជាស្លាប់ ដោយបាញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ចំសៀតផ្កា៕