ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី ក្នុងពិធី “ អបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ”

125

ភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “ អបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ” ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ។

សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា” ព្រះរាជាណាចក្រកម្ពុជា មានមោទកភាពដោយបានចូលរួមរៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះ ជាមួយប្រជាជាតិទូទាំង ពិភពលោក ជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃវិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។ ដើម្បីបន្តលើកស្ទួយ សុខុមាលភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ។

ឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោលដៅជំរុញឱ្យមានការ គិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍប៉ុន្តែមានការយកចិត្ត ទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយយ៉ាងជាក់លាក់ សម្រាប់ការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចឱ្យខានតែបាននូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ពោល គឺការធ្វើឱ្យចេញជារូបរាងផាសុកវត្ថុសម្រាប់ ជនមានពិការភាពតាមលទ្ធភាពដែលអាចធ្វើទៅបាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រោះផាសុកវត្ថុគឺជាការបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាពចូលរួមគ្រប់សកម្មភាពក្នុងសង្គម ការប្រកួតប្រជែងសមត្ថភាពប្រកបដោយការច្នៃប្រឌិត ស្មើភាព និងតាមតម្រូវការជាក់ស្តែង។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ចំពោះ អតីតនាយករដ្ឋមន្ត្រី និងជាអតីតប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងទ្វេតែងលះបង់ធនធាន កម្លាំងកាយ ថាមពល យកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ជនមានពិការភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង។ សម្តេចទាំងទ្វេ ជាមគ្គុទេសក៍ដឹកនាំដ៏អស្ចារ្យ ឈ្លាសវៃ និងប៉ិនប្រសព្វ បានថែរក្សាប្រទេសជាតិឱ្យមានស្ថិរភាព សន្តិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសជនមានពិការភាពដែលជាកូន ជាចៅរបស់សម្តេច នៅទូទាំងប្រទេស។

ជាក់ស្ដែង កាលពីអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជារបស់យើងបានទទួលឥទ្ធិពលអវិជ្ជមានឆ្លងកាត់វិបត្តិ ជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាពនយោបាយ សេដ្ឋកិច្ចពិភពលោកដែលជាហេតុធ្វើឱ្យមានការអាក់ខានការប្រារព្ធ ពិធីមីស្ទឹងជាផ្លូវការនៃទិវាជនមានពិការភាពនៅកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានចាត់ថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះសួរសុខទុក្ខនិងនាំយកនូវ អំណោយ ដើម្បីចែកជូនជនមានពិការភាពនៅតាមសមាគម អង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីចូលរួមដោះស្រាយ នូវការលំបាកមួយនានា និងជាការបង្ហាញអំពីការយកចិត្តទុកដាក់ដែលមិនអាចកាត់ផ្តាច់ និងមើលរំលងបានរបស់ រាជរដ្ឋាភិបាលកម្ពុជាជូនជនមានពិការភាព បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលកន្លងមកយ៉ាងណាក្តី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានមោទកភាពដោយបានឃើញភាព ជោគជ័យដ៏ត្រចះត្រចង់ ល្បីរន្ទឺលើឆាកជាតិ និងអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កីឡាជាតិលើកទី៣និងកីឡាជនមានពិការភាពលើកទី១ ព្រមទាំងការរៀបចំសន្និសីទជនមានពិការភាពប្រចាំ តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍសហគមន៍ តាមបែបបរិយាបន្នប្រកបដោយស័ក្តិសិទ្ធិភាព ស្មើមុខ ស្មើមាត់ ជាមួយ នឹងអន្តរជាតិ ដែលលទ្ធផលជាប្រវត្តិសាស្ត្រទាំងអស់នេះ បានឆ្លុះបញ្ចាំងប្រចក្សភាពនៃការវិវត្តវិស័យពិការភាពនៅកម្ពុជា មិនចាញ់បណ្តាប្រទេសនានានៅក្នុងតំបន់ និងអន្តរជាតិឡើយ។

កម្ពុជា ជាប្រទេសហត្ថលេខី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បាននឹងកំពុងអនុវត្តយ៉ាងជាក់ស្ដែងក្នុងការជំរុញ ការចូលរួមរបស់ជនមានពិការភាពទៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ តួយ៉ាងឥស្សរជន និងមន្ត្រីរាជការមាន ពិការភាពជាច្រើនត្រូវបានតែងតាំង ឬផ្ដល់ឋានៈជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាថ្នាក់ដឹកនាំក្នុងជួរក្រសួង ស្ថាប័នរដ្ឋ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ទន្ទឹមនេះ ក្រសួង ស្ថាប័នរដ្ឋចំនួន ៣៩ មានជនមានពិការភាពចូលបម្រើ ការងារចំនួន ៣ ៧៧៦នាក់ (ស្មើនឹង ២,០៥%) ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ ចំនួន ២ ៣៥១នាក់។ ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះ បញ្ជីកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមាន ចំនួន ២៤១នាក់ និងមានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៥៩នាក់ ស្ត្រីមានពិការភាព ៣ ៦៣១នាក់។ សរុប ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេស ចំនួនជនមានពិការភាព ៧ ៥៣៥នាក់ កំពុងបម្រើការងារ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណ
ពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងនោះមានជនមានពិការភាពចំនួន ២៨៨ ៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផលិតបណ្ណសម្គាល់ជនមានពិការភាពបានចំនួន ២២២ ១៤៨បណ្ណ”។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្ដេចអធិបតីនាយករដ្ឋមន្ត្រី សូមប្ដេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង កាត់បន្ថយ ហានិភ័យសេដ្ឋកិច្ច អនុវត្តឱ្យបានជាក់លាក់នូវសសរស្តម្ភទាំងពីរនៃប្រព័ន្ធគាំពារសង្គម គឺប្រព័ន្ធជំនួយសង្គម ដោយឈរលើ គោលការណ៍មិនទុកឱ្យជនមានពិការភាពណាម្នាក់រស់នៅឯកោ និងប្រព័ន្ធសន្តិសុខសង្គម ដោយធានាដល់សន្តិសុខប្រាក់ ចំណូលរបស់ប្រជាជន ជាពិសេសជនមាន ពិការភាព។

ជាការពិត យើងត្រូវសហការគ្នាដើម្បីធានាថា ជនមានពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិសេរីភាព សុខុមាលភាព និងការចូលរួមយ៉ាងពេញលេញប្រកបដោយបរិយាបន្ន។ ក្នុងន័យនេះ ការរៀបចំជាសុកវត្ថុសម្រាប់ ជនមានពិការភាព រួមមាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោបាយធ្វើដំណើរ និងមធ្យោបាយទំនាក់ទំនង ដូចជា ការរៀបចំ ជម្រាល ធ្លាក់ដៃ ចំណត និងភាសាសញ្ញានៅតាមស្ថានីយទូរទស្សន៍ កម្មវិធី ឬព្រឹត្តិការណ៍នានា ដើម្បីជនមានពិការភាព អាចទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។ លើសពីនេះទៀត យើងត្រូវពង្រឹងការសម្របសម្រួល ការរៀបចំគោល នយោបាយ និងគំនិតផ្តួចផ្តើមរបស់យើង ដើម្បីធានាថា យើងអាចស្តារនិងងើបចេញពីវិបត្តិពិភពលោក សម្រាប់ ជនមានពិការភាពកម្ពុជារបស់យើង ហើយយើងត្រូវបន្ស៊ីកិច្ចខិតខំប្រឹងប្រែងនិងគោលនយោបាយរបស់យើង ជាមួយកិច្ច ខិតខំប្រឹងប្រែងថ្នាក់តំបន់ និងថ្នាក់សកលដើម្បីសម្រេចបាននូវសង្គតិភាព និងមានការបែកខ្ញែកគ្នា។

ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិឆ្នាំនេះ សម្ដេចនាយករដ្ឋមន្ត្រី សូមធ្វើការ អំពាវនាវដូចតទៅ៖

ទី១- ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

ទី២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក “មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។

ទី៣- គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

ទី៤- គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និង សមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៥- ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារបន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។

ទី៦- ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ទី៧- ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត៕

អត្ថបទដែលជាប់ទាក់ទង