កសិករព្រួយបារម្ភចំពោះតម្លៃ ដំឡូងជ្វាធ្លាក់ ចុះក្នុងរដូវ ប្រមូលផល ឆ្នាំនេះ
បាត់ដំបង ៖ រដូវកាលប្រមូលផលដំឡូងជ្វារបស់កសិករ ក្នុងខេត្តបាត់ដំបងបានចូលមកដល់ ក៏ប៉ុន្តែតម្លៃនៅឯទីផ្សារបានធ្លាក់ចុះយ៉ាងខ្លាំងធ្វើឱ្យកសិករជាម្ចាស់ចម្ការមួយ ចំនួន មិនទាន់ធ្វើការប្រមូល ផល នោះនៅឡើយដោយបន្តទុកមើមដំឡូងនៅក្នុងដី ទាំងចិត្តព្រួយបារម្ភព្រោះមើមដំឡូង អាចខូចអសារបង់ព្រោះតែហួលអាយុកាលប្រមូលផល។ចាប់ពីដើមរដូវប្រមូលផល ក្រុមឈ្មួញបានឱ្យតម្លៃថោកបំផុតដែលមិន នឹកស្មានដល់ ជាហេតុនាំឱ្យកសិករទុកចោលផលដំឡូងដែលល្មមប្រមូលផលជាបន្តមួយរយ: ដើម្បីស្វែងរកទីផ្សារផ្សេងៗទៀតក្រែងបានរួចថ្លៃដើម។
នេះជាការលើកឡើងពីស្ត្រីជាម្ចាស់ចម្ការម្នាក់នៅស្រុកសំពៅលូន ខេត្ដបាត់ដំបង នៅថ្ងៃទី០៤ ធ្នូ ឆ្នាំ២០២៣។
លោកស្រី បានបន្តថា ដើមទុនដែលគាត់យកមកធ្វើការដាំដំឡូងជ្វានេះគឺបានពីការខ្ចីបុលធនាគារ ក្នុងស្រុកដោយចំណាយលើការ ភ្ជួរ ដាំ ថ្លៃថ្នាំ រហូតហុចផល ត្រូវ ជួល កម្លាំងពលកម្មជាច្រើន រួមថ្លៃដឹកជញ្ជូនទៀតហើយបានកម្រៃខ្លះៗសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ នេះបើជាវាមានតម្លៃដូចកាលពីឆ្នាំ មុន និងការប្រមូលផលបានពីដើមដៃ។
បើតាមកសិករ ធុល ហ៊ុយ ម្ចាស់ចម្ការនៅស្រុកសំឡូត ក៏បាន ប្រាប់ឲ្យដឹងផងដែរថា៖
កាលពីប្រមូលផលដំឡូងជ្វាឆ្នាំទៅមិញចាប់ពីដើមដៃតម្លៃទីផ្សារបានប្រសើរដោយក្នុង ១ គីឡូក្រាមបានតម្លៃចន្លោះពី ១៣០០ រៀលដល់ ១៤០០ រៀល។ ប៉ុន្តែរដូវប្រមូលផលឆ្នាំនេះ ដំគូងជ្វាធ្លាក់ថ្លៃមិននឹកស្មានដល់គឺ ១ គីឡូក្រាមបានត្រឹមតែ ៣០០ រៀល ប៉ុណ្ណោះ ហើយក្នុង ១០ តោនឈ្មួញកាត់ចោលដោយមិនគិតថ្លៃឲ្យអស់ ៣ តោនទៀតព្រោះគេថាដំឡូងមានស្អុយ បើដូច្នេះស្ទើរតែបង្ខំឲ្យពួកគាត់ទុក ចោលទាំងស្រុងតែម្តង។
បុរសជាម្ចាស់ចម្ការដំឡូងជ្វា រស់នៅក្នុង ភូមិបួរ ឃុំបួរ ក្នុងស្រុកភ្នំព្រឹក គឺលោក រីណា បានរៀបរាប់ក្នុងបទសម្ភាសឲ្យដឹងថា៖កាលពីដើមឆ្នាំ២០២៣ លោកបានដាំដំឡូងជ្វាលើទំហំផ្ទៃដីត្រឹម ៣ ហិកតាប៉ុណ្ណោះ។ តែការប្រមូលផលបានប្រសើរ ហើយតម្លៃទីផ្សារក៏អាចទទួលយកបាន តាមរយ:ឈ្មួញមកលើកដល់ចម្ការ ហើយដឹកយកទៅលក់បន្តនៅប្រទេសជិតខាង ដោយក្នុង១គីឡូក្រាម លក់បានពី ១៣០០ រៀលដល់ ១៤០០ រៀល ក្នុងការប្រមូលផលទី ១នៃដើមឆ្នាំ២០២៣ (ដើមដៃ)។ ស្របតាមទីផ្សារ ល្អប្រសើរ លោកក៏ចាប់ផ្តើមដាំដំឡូងជ្វានេះ បង្កើនបន្ថែមលើទំហ៊ំផ្ទៃដី សរុបជាង ៦ហិកតា នៃរដូវកាល (ចុងដៃ)ក្នុងឆ្នាំដដែលនេះ ហើយបានហុចផលតាមក្តីរំពឹងផងដែរ។
តែមកដល់ពេលនេះ ស្របពេលត្រូវប្រមូលផលតម្លៃទីផ្សារស្ទើរតែគ្មាន លោកបានខកចិត្តយ៉ាងខ្លាំង ដែលមិននឹកស្មានដល់ទាល់តែសោះ ខណ:ក្រុមឈ្មួញឲ្យតម្លៃត្រឹមតែ ១ គីឡូក្រាម ៣០០ រៀលប៉ុណ្ណោះ ដោយក្រុមឈ្មួញលើកហេតុផលថា ប្រទេសជិតខាងផ្អាកការទទួលយកហើយ មានតែទីផ្សារ ក្នុងស្រុកប៉ុណ្ណោះ ទើបតម្លៃធ្លាក់ដល់ថ្នាក់នេះ។
លោកក៏ដូចជាម្ចាស់ចម្ការផ្សេងៗទៀត ផ្អាកការប្រមូលផល ទុកចោលមួយរយ:សិនដើម្បីរងចាំឲ្យឡើងថ្លៃបន្តិច រហូតដល់មើមដំឡូងចង់ខូចក៏នៅតែតម្លៃដដែល ទើបរូបលោកនិងអ្នកដាំផ្សេងទៀតចាប់ប្រមូលតែម្តង។
កសិករជាច្រើននិយាយដូចៗគ្នាថា“ខ្ញុំទុករង់ចាំមើលសិន មិនទាន់ឆ្លើយតបជាមួយឈ្មួញនោះទេ ខ្ញុំរកមើលទីផ្សារបន្ថែមនៅប្រទេសថៃសិន តែជាលទ្ធផលត្រូវតែបង្ខំចិត្តលក់ក្នុងតម្លៃថោកដដែល ហើយលុយដើមនៅតែជំពាក់គេដដែល”។
កសិករ ប្រកបរបរដាំដំឡូងជ្វា ក្នុងទឹកដីខេត្តបាត់ដំបងស្នើឲ្យខាងមន្ទីរកសិកម្ម និងមន្ទីរពាក់ព័ន្ធ ជួយរកដំណោះ ស្រាយទីផ្សារលើកសិផលដំឡូងជ្វានេះ ឱ្យបានសមរម្យណាមួយកុំឱ្យធ្លាក់តម្លៃដល់ថ្នាក់នេះពេកដែលធ្វើឲ្យពួកគាត់ប្រឈម ខ្លាំងក្នុងជីវភាពគ្រួសារ។
ជុំវិញករណីខាងលើនេះមន្ត្រីកសិកម្មខេត្តមិនបានឆ្លើយតបណាមួយនៅឡើយ។
ចំណែកលោក គា ឈុន ដែលជាប្រធានសហគមន៍កសិកម្មខេត្តបានឆ្លើយយ៉ាងខ្លីថា “បើលោកចង់ដឹងពីតម្លៃលោកសួរទៅប្រធាន មន្ទីរកសិកម្មទៅ ក្នុងសហគមន៍ខ្ញុំអត់មានដាំដំឡូងជ្វាទេ”៕ ដោយ សំរិត