យុវជនពិតជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជ្រាបការយល់ដឹង អំពីអនាម័យសម្រាម ការលើកកំពស់បរិស្ថាន និងសោភណ៌ភាពរបស់ទីក្រុង
ខេត្តកំពង់ចាម៖ យុវជន ជាពិសេស ស.ស.យ.ក ខេត្តកំពង់ចាមពិតជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជ្រាបការយល់ដឹង អំពីអនាម័យសម្រាម ការលើកកំពស់បរិស្ថាន និងសោភណ៌ភាពរបស់ទីក្រុងរហូតទទួលបានជ័យលាភីផ្ការំដួលបីទង។ ដូច្នេះទេ សូមអោយយុវជនទាំងអស់នឹងបន្តអនុវត្តសកម្មភាពនេះឱ្យកាន់តែផុសផុលថែមទៀត។
នេះជាប្រសាសន៍លើកឡើងរបស់លោកគួច ចំរើន អភិបាលខេត្តកំពុងចាម ក្នុងឱកាសដែលលោកអញ្ជើញចូលរួមពិធីបិទបញ្ចប់គម្រោងស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការអនាម័យសំរាមនៅទីសាធារណៈក្នុងក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨នេះ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម។
លោកគួច ចំរើន បានមានប្រសាសន៍ថា ការរួមចំណែកក្នុងសកម្មភាពរបស់ យុវជន ជាពិសេស ស.ស.យ.ក ខេត្ត ក្នុងការងារអនាម័យសម្រាមក្នុងក្រុងកំពង់ចាមរយៈពេលកន្លងមក គឺពិតជាការចូលរួមចំណែកយ៉ាងសកម្មមួយក្នុងការបញ្ជ្រាបការយល់ដឹងអំពីអនាម័យសម្រាម ការលើកកំពស់បរិស្ថាន និងសោភណ៌ភាពរបស់ទីក្រុងយើង ដែលទទួលបានជ័យលាភីផ្ការំដួលបីទងកន្លងមក។
លោកសង្ឃឹមនឹងជឿជាក់ថា យុវជនទាំងអស់នឹងបន្តអនុវត្តសកម្មភាពនេះឱ្យកាន់តែផុសផុល និងចូលរួមបណ្តុះគំនិតស្មារតីប្រជាពលរដ្ឋយើងឱ្យចេះទុកដាក់ វេចខ្ជប់សម្រាមឱ្យបានត្រឹមត្រូវ នៅតាមទីសាធារណៈ ដើម្បីផ្លាស់ប្តូរនូវឥរិយាបថអសកម្ម មកជាមានទំនូលខុសត្រូវចំពោះសម្រាមដែលកើតចេញពីសកម្មភាពរបស់ពួកគាត់ផ្ទាល់៕