ក្រសួងកសិកម្ម ចង់ឲ្យអ្នកជំនាញកសិកម្មនៅមូលដ្ឋានឃុំ ដែលមានសមត្ថភាព បំពេញការងារក្នុងឃុំរបស់ខ្លួន ជាងអ្នកដែលមកពីតំបន់ផ្សេងមិនស្គាល់ភូមិសាស្ត្រ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្ម ក្រសួងចង់ឱ្យអ្នកនៅមូលដ្ឋានឃុំ ហើយមានជំនាញកសិកម្មដាក់ពាក្យប្រឡងប្រជែង ធ្វើជាមន្រ្តីកសិកម្មប្រចាំឃុំរបស់ខ្លួនផ្ទាល់តែម្តង ដើម្បីអាចបំពេញការងារបានយូរដោយការស្រឡាញ់ ជាជាងអ្នកពីខេត្តផ្សេងទៅបំពេញ ដែលមិនបានស្គាល់ភូមិសាស្រ្ត។
ការជំរុញនេះធ្វើឡើងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ក្នុងកាលៈទេសៈនេះ អាចនឹងមានអ្នកចង់ធ្វើជាមន្រ្តីរាជការ ឬមន្រ្តីកសិកម្មច្រើន ប៉ុន្តែពេលទៅធ្វើការនៅក្នុងឃុំណាមួយ ជាក់ស្តែងមានភាពលំបាក ឬមិនអាចតស៊ូបាន នោះនឹងធ្វើឱ្យពួកគេងាយឱ្យពួកគេបោះបង់ និងលាលែងចេញការងារមួយនេះ។ ហេតុហើយក្រសួងកសិកម្ម ជំរុញ និងលើកទឹកចិត្ត ដល់អ្នកនៅក្នុងមូលដ្ឋានឃុំនោះ ដាក់ពាក្យប្រឡងប្រជែង ក្នុងការជ្រើសរើសនេះ ព្រោះពួកគាត់បានដឹងភូមិសាស្រ្តភូមិឃុំរបស់ខ្លួនច្បាស់លាស់ ព្រមទាំងស្រលាញ់ និងចង់អភិវឌ្ឍន៍ឃុំរបស់ខ្លួន ឱ្យរីកចម្រើន ជាជាងឱ្យអ្នកដែលទៅពីខេត្តផ្សេង ឬពីភ្នំពេញទៅកាន់ការងារ ដែលមិនស្គាល់អ្វីសោះពីឃុំនោះ។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម និងក្រសួងមុខងារសាធារណៈ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីមូលដ្ឋានឃុំ ដែលមន្រ្តីកសិកម្មថ្មីទាំងនោះ នឹងត្រូវទៅបំពេញការងារ ដើម្បីឱ្យពួកគេសម្រេចចិត្តឱ្យបានច្បាស់លាស់។
ឯកឧត្តមបន្ថែមថា «ជាទូទៅយើងចង់ឱ្យមានអ្នកជើងជាប់ដីនៅឃុំហ្នឹង ស្គាល់ឃុំហ្នឹង ស្រលាញ់ឃុំហ្នឹង គាត់ទៅឃុំហ្នឹង វាប្រាកដជានៅបានយូរ ជាងអ្នកថ្មី ទៅពីភ្នំពេញឬពីខេត្តមួយផ្សេង ស្រាប់តែទៅនៅឃុំដាច់ស្រយ៉ាល ដែលគាត់មិនដែលដឹងពីស្ថានភាព ភូមិសាស្រ្តអីសោះក៏ជាការលំបាកដែរ។ អ៊ីចឹងនៅក្នុងការផ្សព្វផ្សាយរបស់យើង យើងបានកំណត់ហើយ ១៧ខេត្ត ប៉ុន្មានស្រុក ឃុំណាខ្លះ ហើយគាត់ចាប់អារម្មណ៍នៅខេត្តណា នៅឃុំស្រុកណា គឺគាត់ដាក់បាន»។
បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រសួងបានកំណត់ឃុំ១៥៥២ គឺជាឃុំដែលមានសកម្មភាពកសិកម្ម ដោយគ្រោងជ្រើសរើសមន្រ្តីប្រមាណ ១៦០០នាក់។ ក្នុងដំណាក់កាលទី១នេះ នឹងជ្រើសរើសចំនួន ២៥០នាក់ដាក់ពង្រាយ នៅឃុំចំនួន២៥០ក្នុងខេត្តចំនួន១៧។
ឯកឧត្តមបានលើកឡើងបន្តថា មន្រ្តីកសិកម្មឃុំ ត្រូវសហការជាមួយមន្ដ្រីនៅមូលដ្ឋានទាំងអស់ រួមមានអាជ្ញាធរឃុំសង្កាត់ មន្រ្តីកសិកម្មស្រុកឬមន្ទីរកសិកម្មនៅតាមខេត្តនីមួយៗ ដើម្បីក្ដាប់ព័ត៌មានឲ្យបានគ្រប់ ហើយដោះស្រាយបញ្ហាភ្លាមៗ ឱ្យទាន់ពេលវេលាជូនពលរដ្ឋ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួង ការជ្រើសរើសមន្ត្រីនៅឆ្នាំ ២០២៣ សម្រាប់ខេត្តអាទិភាពទាំង១៧ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី៕