ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ត្រូវការធនធានមនុស្ស លើផ្នែក ជំនាញផ្កាយរណប

212

លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកឡើងថា បច្ចុប្បន្ននិស្សិតយើងមិនទាន់មាន ជំនាញផ្កាយរណបនេះនៅលើទេ ប៉ុន្តែយើងនឹងរៀបចំមុខវិជ្ជានេះ ។ យើងនឹង ត្រៀមបណ្តុះបណ្តាលលើជំនាញនេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ក្រោមការជួយជ្រោមជ្រែងពីសកលវិទ្យាល័យ Tsinghua របស់សាធារណរដ្ឋប្រជាមានិតចិន។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យលោកស្រី Chen Xu ប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យ Tsinghua របស់សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ។

បន្ទាប់ពីជំនួបនេះ លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថា សកលវិទ្យាល័យTsinghua ជាសកលវិទ្យាល័យដ៏ល្បីល្បាញមួយ នៅប្រទេសចិន ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ និងមានបទពិសោធន៍ច្រើនពាក់ព័ន្ធ ទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសថ្នាក់ដឹកនាំកំពូលៗ នៅប្រទេសចិន ភាគច្រើនចេញពីសកលវិទ្យាល័យនេះ។

លោក ឡៅ ហ៊ីម បានលើកឡើងថា ក្នុងជំនួបនេះ បានលើកឡើងនូវសារសំខាន់ចំនួន៣ ទី១. ពាក់ព័ន្ធទៅលើកិច្ចសហប្រតិបត្តិការ រវាងសកលវិទ្យាល័យ Tsinghua និងវិទ្យាស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈរបស់ក្រសួងការងារនាពេលអនាគត។
ទី២.ខាងសកលវិទ្យាល័យ នឹងផ្តល់វគ្គខ្លីៗបណ្តុះបណ្តាលទៅលើគ្រូ។ ទី៣. ពាក់ព័ន្ធលើការបណ្តុះបណ្តាលមន្ត្រីរាជការយៈពេលវែង ដែលខាងភាគីចិន នឹងផ្តល់អាហារូបករណ៍ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ម្យ៉ាងវិញទៀត សកលវិទ្យាល័យនេះ មានតួនាទីយ៉ាងសំខាន់ សម្រាប់ ផ្តល់យោបល់ទៅរដ្ឋាភិបាលចិន ធ្វើយុទ្ធសាស្រ្ត និងគោលនយោបាយធំៗ អញ្ចឹងខាងសកលវិទ្យាល័យTsinghua ក៏ចង់បានព័ត៌មានពីខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថាតើមានយុទ្ធសាស្ត្រ និងគោលនយោបាយបែបណា ដើម្បីសកលវិទ្យាល័យទទួលយកព័ត៌មានទំាងនេះ រៀបចំគោលនយោបាយ ឬយុទ្ធសាស្ត្រ ផ្តល់ជូនទៅរដ្ឋាភិបាលចិនសម្រាប់ជួយគាំទ្រដល់ប្រទេសកម្ពុជា។

លោក ឡៅ ហ៊ីម បញ្ជាក់ថា កន្លងមក មន្ត្រីរាជការរបស់ក្រសួងការងារក៏ ធា្លប់ទទួលបានអាហាររូបករណ៍ ទៅសិក្សានៅសកលវិទ្យាល័យនេះដែរ ។ ក្រសួងបានស្នើសុំទៅ សកលវិទ្យាល័យផ្តល់អាហារូបករណ៍ ជាច្រើន ទៅលើការ បណ្តុះបណ្តាលធនធនមនុស្ស ជាពិសេសគ្រូរបស់យើង ដោយខាងសកលវិទ្យាល័យនេះ មានជំនាញច្រើន ដូចជាវិស័យកសិកម្ម សុខាភិបាល បច្ចេកវិទ្យាទំនើបៗ ជាពិសេសខាងផ្នែកផ្កាយរណប ដែលខាងសកលវិទ្យាល័យ មានការបណ្តុះបណ្តាលលើផ្នែកនេះដែរ ដែលជាជំនាញ ចំាបាច់ផងដែរសម្រាប់កម្ពុជាយើង។

លោក ឡៅ ហ៊ីម លើកឡើងបន្តថា បច្ចុប្បន្ននិស្សិតយើងមិនទាន់មាន ជំនាញផ្កាយរណបនេះនៅលើទេ ប៉ុន្តែយើងនឹងរៀបចំមុខវិជ្ជានេះ ។ យើងនឹង ត្រៀមបណ្តុះបណ្តាលលើជំនាញនេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ។ នៅពេលយើងមានមានកិច្ចសហប្រតិបត្តិការ ជាមួយភាគីចិនហើយ យើងនឹងរៀបចំកិច្ចការនេះ ឥឡូវនេះយើងនៅខ្វះទាំងធនធានមនុស្ស និងទាំងសម្ភារៈ។ ជាផែនការក្រសួងនឹងរៀបចំ នាពេលឆាប់ៗនេះ យើងត្រូវត្រៀមជាមុនជាមួយដៃគូសហប្រតិបត្តិការ ហើយផ្នែកនេះវាជាតម្រូវការរបស់ប្រទេសកម្ពុជាយើងនាពេលអនាគត។

លោក មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធខ្សែអុបទិក នៅប្រទេសគេជឿនលឿន គឺគេប្រើតាមរយៈផ្កាយរណបនេះហើយ។ សូម្បីតែ ការហោះហើរ ក៏យើងត្រូវប្រើផ្កាយរណបដែរ អញ្ចឹងសព្វថ្ងៃនេះនៅព្រលានយន្តហោះ របស់យើងក៏មមាញឹកខ្លាំងណាស់ដែរ ដូច្នេះយើងត្រូវការធនធានមនុស្សទៅលើផ្នែកនេះ ។ យើងនឹងជជែកគ្នាជាមួយខាងភាគីចិនសិន ថាតើយើងត្រូវរៀបចំធ្វើអីខ្លះ ដែលជាតម្រូវការធនធានមនុស្សរបស់កម្ពុជានាពេលអនាគត និងយើងត្រូវ ផ្សព្វផ្សាយ ថាផ្នែកនេះជាតម្រូវការខ្ពស់របស់កម្ពុជាយ៉ាងម៉េច ៕

អត្ថបទដែលជាប់ទាក់ទង