ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណនី Facebook ចំនួន២ បង្ហោះសារថា សាលាឧទ្ធរណ៍កាត់ក្តីមិនត្រឹមត្រូវ ដោះលែងឃាតករក្នុងករណីឃាតកម្មមួយ

144


ភ្នំពេញ៖ Facebook របស់ឈ្មោះ Moly Van និងឈ្មោះ Bong Veth កាលពីថ្ងៃទី២៥​ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ បានបង្ហោះសារក្នុងន័យថា សាលាឧទ្ធរណ៍កាត់ក្តីមិនត្រឹមត្រូវ និងបានដោះលែងអ្នកទោស ដោយមិនខ្លាចញញើតច្បាប់ ទាំងខ្លួនជាអ្នកកាន់ច្បាប់។

ហ្វេសប៊ុក ឈ្មោះ Bong Veth បានបញ្ជាក់ថា នេះជារូបចៅក្រម ប៉ុល សំអឿន ដែលហ៊ានដោំលែងអ្នកទោសឃាតកម្ម ទាំងមុខស្រស់មិនខ្លាចញញើត និងច្បាប់ ទាំខ្លួនជាអ្នកកាន់ច្បាប់ ដោយសារទទួលលុយសំណូកពីរក្រុមឃាតករ មិនគិតដល់ហានិភ័យរបស់សាក្សី និងជនរងគ្រោះ អាស្រ័យដូចបានជាខាងលើនេះ គ្រួរសារខ្ញុំជាជនរងគ្រោះសុំឲ្យក្រសួងពាក់ព័ន្ធ និងក្រសួងប្រឆាំងអំពើពុករលួយ មេត្តាចុះស៊ើបសង្កតលើចៅ។ សូមគោរពពូរមីងនិងបងៗទាំងអស់ ដោយខ្ញុំបាទជាប្រជាពលរដ្ឋ ពុំសូវយល់អំពីរច្បាប់ សូមឲ្យពូរមីងបងៗដែលចេះច្បាប់ មេត្តាជួយពន្យល់ផងលើឯកសារមួយនេះម្ដង ដាក់បន្ទុក ម្ដងដោះបន្ទុក ឲ្យឃាតកររួចខ្លួន ហើយយកឃាតករផ្សេង មកជំនួសទាំងសាក្សីនៅរស់ រួចពីរការសម្លាប់ តើគាត់ធ្វើនេះត្រូវដែរឬទេ សូមបងប្អូនពូមីង និងបងៗជួយបកស្រាយផងសូមអរគុណ។

ពាក់ព័ន្ធនេះ អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ Facebook របស់ឈ្មោះ Moly Van និងឈ្មោះ Bong Veth ដែលបានបង្ហោះសារខុសការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសចៅក្រម។

តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សាលាឧទ្ធរណ៍មានការសោកស្តាយយ៉ាងខ្លាំង ដែលម្ចាស់ Facebook ឈ្មាះ Moly Van និងឈ្មោះ Bong Veth បានយករូបភាពដែលលួចថតជាវីដេអូ រូបភាពពេលកំពុងជំនុំជម្រះ ទៅបង្ហោះមូលបង្កាច់ខុសពីការពិត​ ដោយមិនគិតអំពើខុសច្បាប់ ធ្វើឲ្យសង្គមវឹកវរ ប្រើពាក្យប្រមាថមើលងាយ ប៉ះពាល់ដល់កិត្តិយសចៅក្រម និងស្ថាប័នសាលាឧទ្ធរណ៍ធ្ងន់ធ្ងរ ធ្វើឲ្យសាធារណជនយល់ច្រឡំចំពោះ ប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជា និងធ្វើឲ្យសាធារណជន បាត់ជំនឿលើសេចក្តីប្រកាសសម្រេចរបស់តុលាការ ហើយអំពើនេះ មានចែងឲ្យផ្តន្ទាទោសតាមមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

សាលាសូមចូលរួមសោកស្តាយ ចំពោះការបាត់បង់សមាជិកគ្រួសាររបស់ជនរងគ្រោះផងដែរ តែក៏មិននាំភាពសោកសៅដល់គ្រួសារ ជនផ្សេងទៀត ដែលមិនបានប្រព្រឹត្តនោះដែរ ហើយក៏សូមបញ្ជាក់ដែរថា ដោយសារតែមានភស្តុតាងថ្មី ដែលសមត្ថកិច្ចបានស្រាវជ្រាវ យកឃើញជនសង្ស័យផ្សេងនោះ ដូច្នេះនីតិវិធី នៅតែបន្តដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់។ បើករណីដូច្នេះ ហើយមានភាគីណាមួយមិនសុខចិត្ត តាមការសម្រេចរបស់តុលាការទេ នោះអាចធ្វើការប្តឹងតាមនីតិវិធី ដែលច្បាប់បានចែង មិនត្រូវបង្ហោះសារបំពុលសង្គម ក្នុងបណ្តាញសង្គម Facebook បែបនេះទេ។

សាលាឧទ្ធរណ៍ស្នើសុំឲ្យម្ចាស់ Facebook ឈ្មាះ Moly Van និងឈ្មោះ Bong Veth និងអ្នកចែកចាយបន្ត បញ្ឈប់ការបង្ហោះសារមិនត្រឹមត្រូវ ចាប់ពីពេលនេះតទៅ បើមិនបញ្ឈប់តាមការជូនដំណឹងនេះទេ សាលាឧទ្ធរណ៍នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង