ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី អញ្ជើញប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន

39

សៀមរាប ៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចូលរួម ជាអធិបតីប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន ដែលពិធី បានប្រព្រឹត្ដទៅ នៅថ្ងៃអង្គារ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ មានការចូលរួមពី ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ តំណាងស្ថានទូតចក្រភពអង់ គ្លេស សហរដ្ឋអាមេរិក អៀរឡង់ នាយកទីភ្នាក់ ងារស្វីសប្រចាំកម្ពុជា ប្រធានអង្គការហេឡូត្រាស្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ពិធីនាថ្ងៃនេះ គឺជាពិធីដ៏វិសេសវិសាលមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន ហើយក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំង អស់បង្ហាញនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តទៀតថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចំរើន ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ស្រុកពួក គឹជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាតមីនចុងក្រោយរបស់អង្គការ HALO Trust ក្នុងទំហំផ្ទៃដី ៣.៥១២.៦៤៨ ម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការNPA ។ ក្នុងនាមសម្តេចធិបតី និងប្រជាជនខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ និងស្វីស ក៏ដូចជាការលះបង់របស់អ្នកដោះមីនទាំងអស់ ដែលបានចូលរួមគាំទ្រ និងបំពេញការងារដោយផ្ទាល់ ក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅស្រុកពួក ខេត្តសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរលឹកបន្ថែមទៀតថា ថ្មីៗនេះកម្ពុជា បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលមាន ១៦៤ ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញា ដោយជ្រើសយកខេត្តសៀមរាប ជាទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរនេះ ដែលនេះគឺជាកាដូរពិសេសមួយជូនបងប្អូនប្រជាពលរដ្ឋខេត្ត សៀមរាបទាំងមូល របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងស្របនឹងការដាក់ចេញ យុទ្ធសាស្រ្តរបស់ សម្តេច ទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងបង្ហាញទៅកាន់ពិភពលោក ឱ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធ និងមានការគំរាមដោយសារមីន ឱ្យទៅជាតំបន់ដែលពោរពេញដោយស្នាមញញឹម និងមានសុខ សន្តិភាពពេញលេញ។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតទាំងអស់ បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ហើយបណ្តាប្រទេសជាមិត្តទាំងនោះ នឹងបន្តប្តេជ្ញាចិត្តចូលរួម និងឈរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការស្វាគមន៍ និងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូត បានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននៅស្រុកពួក ខេត្តសៀមរាប គឺជាផ្នែកមួយក្នុងរួមចំណែក និងឈាន់ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥៕ . ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង