ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសណូវែលហ្សឺឡង់ ផ្តល់ជំនួយបោសសម្អាតមីនបន្ថែម៣,១ លានដុល្លារអាមេរិក តាមរយ:គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ នៅកម្ពុជា

61

បន្ទាយមានជ័យ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោស សម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤ នៅកម្ពុជា ប្រព្រឹត្តិទៅនៅខេត្តបន្ទាយមាន ជ័យ កាលពីរសៀលថ្ងៃពុធ០៩រោច ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានសម្រេចចិត្ដ
ផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន០៥ លានដុល្លារ ណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤នៅកម្ពុជា ដែលសម្របសម្រួលដោយអង្គការUNDP ។
តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជា ពលរដ្ឋកម្ពុជា។ លោកបានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូល ក្នុងសកម្មភាពមីន។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីសម្រេចបានគោល ដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។
ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះរដ្ឋាភិ បាល និងប្រជាជន នៃប្រទេសណូវែលហ្សឺឡង់ ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤ចំនួន៣,៨លានដុល្លារអាមេរិក៕ .ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង