ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេសបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តឥតងាកររបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស

48

 

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយមិត្តភាពជាមួយ លោកសាស្រ្ដាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសដែលលោកសាស្ត្រាចារ្យអញ្ជើញមកបំពេញទស្សនកិច្ច ការងារដោយផ្ទាល់ជាលើកទីពីរ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានថ្លែងសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិមនុស្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឯកភាពរបស់រាជរដ្ឋ ភិបាលកម្ពុជានាពេលថ្មីៗនេះ ក្នុងការបន្តសុពលភាពនៃអាណត្តិរបស់អ្នករាយការណ៍ពិសេស សម្រាប់រយៈពេលពីរឆ្នាំទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់សាជាថ្មីជូនអ្នករាយការណ៍ ពិសេស នូវការបន្តកិច្ចសហការរបស់កម្ពុជា ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
ទន្ទឹមនឹងជម្រាបជូននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ដែលផ្ដោតលើប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបង្ហាញនូវវឌ្ឍនភាពសំខាន់ៗក្នុងវិស័យសុខាភិបាល ការបណ្តុះ បណ្តាលវិជ្ជាជីវៈ សុខមាលភាព ការងារ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចការពារ បរិស្ថាន អ្នករាយការណ៍ពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពរបស់ រាជរដ្ឋាភិបាល ដោយបានទទួលស្គាល់នូវជោគជ័យនៃការផ្ដល់វ៉ាក់សាំងកូវីដ១៩ គោលនយោបាយ គាំពារសង្គម សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចគាំពារកុមារ ការត្រួតពិនិត្យជាសកលតាមកាលកំណត់ (Universal Periodic Review) និងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ដទៃទៀត។

ភាគីទាំងពីរបានពិភាក្សាអំពីនីតិវិធីនៃការវាយតម្លៃ និងការរៀបចំរបាយការណ៍ ដោយផ្តោត សារៈសំខាន់លើការពិនិត្យផ្ទៀងផ្ទាត់ដោយហ្មត់ចត់នូវព័ត៌មានដែលទទួលបាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ជាថ្មីថា វិធីសាស្ត្ររបស់កម្ពុជាចំពោះសិទ្ធិមនុស្ស គឺ ផ្អែកលើគោលការណ៍នៃការគោរព ការមិនធ្វើនយោបាយតូបនីយកម្ម ការមិនជ្រើសរើសតែមួយជ្រុង ការពឹងផ្អែកលើព័ត៌មានដែលត្រូវបានពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសន្ទនាពិតប្រាកដ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយល់ដឹងអំពីកាលៈទេសៈពិសេស របស់ប្រទេស រួមទាំងវប្បធម៌ ផងដែរ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីលទ្ធភាពរបស់កម្ពុជា ក្នុងការបំពេញតួនាទីស្នូលក្នុង ការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងក្របខ័ណ្ឌតំបន់និងសកលលោក ដែលរួមមាន គណៈកម្មការអន្តរ រដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights) សិទ្ធិទទួលបានបរិស្ថានស្អាត សុវត្ថិភាព និងប្រកបដោយចីរភាព ធុរកិច្ចនិង សិទិ្ធមនុស្ស ព្រមទាំងការត្រួតពិនិត្យជាសកលតាមកាលកំណត់។ ទន្ទឹមនឹងនេះ អ្នករាយការណ៍ ពិសេសក៏បានថ្លែងកោតសរសើរផងដែរ ចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា កាលពីឆ្នាំកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង