កម្ពុជាលើកកម្ពស់ភាពជាដៃគូ និងវិបុលភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ ក្រោមមូលបទ “រួមគ្នាខិតខំធ្វើទំនើបកម្ម និងបណ្តុះភាព រឹងមាំថ្មីក្នុងការអភិវឌ្ឍអនុតំបន់”។
ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម U Than Swe ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីទាំងអស់ បានកោតសរសើរចំពោះស្ថិរភាព និងវឌ្ឍនភាពជាក់ស្តែងនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ ផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រយៈពេល ៥ឆ្នាំ (២០១៨-២០២២) និងមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការនេះ។ មូលនិធិនេះ បានគាំទ្រគម្រោងជាក់ស្តែងជាង ៧០០គម្រោង លើវិស័យ ជាច្រើនដូចជា ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម សុខាភិបាល អប់រំ ការតភ្ជាប់ ផ្លូវអាកាស និងទេសចរណ៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែលធ្វើឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសសមិទ្ធិផលនៃគម្រោងចំនួន ៨៩គម្រោង ដែលមានទឹកប្រាក់ជាង ៣៣ លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើវិស័យជាច្រើនក៏ច ប្រទេសកម្ពុជា។ ដើម្បីជំរុញអត្ថប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជាទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យពល្បឿនការអនុវត្តខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចរមេគង្គ-ឡានឆាង ដោយសហការជាមួយច្រករបៀង
ពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ ដោយសង្កត់ធ្ងន់ លើតម្រូវការស្ថិរភាពតម្លៃក្នុងវិស័យកសិកម្ម និងការពង្រឹងសន្តិសុខស្បៀង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន អំពាវនាវឱ្យបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសលើវិស័យវប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ នវានុវត្តន៍ និងទេសចរណ៍។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជួបពិភាក្សាសារការងារជាមួយ ឯកឧត្តម WANG YI រដ្ឋមន្ត្រីការបរទេសនៃសាធារណ រដ្ឋប្រជាមានិតចិន ដែលបានប្ដេជ្ញាបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិននៅក្នុងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសចិនសម្រាប់ការបន្តជំនួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរ ឯកឧត្ដម WANG YI ជួយជំរុញឱ្យមានជើងហោះហើរផ្ទាល់ពី ខេត្តនានារបស់ចិនទៅកាន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប និងលើកទឹកចិត្តឱ្យមានកំណើនអ្នកទេសចរ ចិនបន្ថែម ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ឯកឧត្តម WANG YI បានសន្យាថានឹង ជួយជំរុញការអនុវត្តប្រកបដោយផ្លែផ្កាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរួមទាំងការផ្សព្វផ្សាយ ទេសចរណ៍ និងការបង្កើនជើងហោះហើរផ្ទាល់ពីប្រទេសចិនមកខេត្តសៀមរាបផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម U Than Swe ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ហើយ ឯកឧត្តម U Than Swe បានសម្តែង ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការគាំទ្រចំពោះមីយ៉ាន់ម៉ានៅក្នុង ក្របខ័ណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការរួមចំណែកដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងទំនាក់ទំនង ទ្វេភាគីកាន់តែខ្លាំង ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕