កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា-អូស្ត្រាលី ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដោយចំពោះការគាំទ្ររបស់អូស្ត្រាលីក្នុងកិច្ចការស្រាវជ្រាវពូជស្រូវនៅកម្ពុជា រហូតសម្រេចបានពូជស្រូវចំប៉ីស ៧០ និងពូជស្រូវផ្សេងៗទៀតចំនួនជិត៥០ប្រភេទ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីអំពីគោលនយោបាយរបស់ក្រសួង ដែលកំពុងជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពដាំដុះផលិតផលកសិកម្មក្នុងទ្រង់ទ្រាយធំដូចជាស្រូវ ស្វាយចន្ទី និងម្រេច ដែលមានគុណភាពខ្ពស់ សម្រាប់កែច្នៃដើម្បីនាំចេញ និងទទួលបានតម្លៃបន្ថែមខ្ពស់។
លើសពីនេះទៀត ក្រសួងក៏កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការជ្រើសរើស និងដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្ម ដែលមានសមត្ថភាព ឆន្ទៈ នៅតាមមូលដ្ឋានភូមិឃុំ ដើម្បីជួយកសិករលើបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបើកទូលាយសម្រាប់ការវិនិយោគ និងស្វាគមន៍គម្រោងអភិវឌ្ឍក្នុងការចូលរួមជួយដល់កសិករក្នុងខ្សែច្រវាក់ផលិតកម្ម លើដំណាំសក្តានុពលមួយចំនួនដូចជាស្រូវ បន្លែ ស្វាយចន្ទី ម្រេច ព្រមទាំងវារីវប្បកម្មផងដែរ។ ក្រសួងត្រៀមខ្លួន ក្នុងការសម្របសម្រួល និងគាំទ្រ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការទទួលបានជោគជ័យ ផ្តល់ប្រយោជន៍ដល់កសិករ មានផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ៕