ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin បានមើលឃើញថា ប្រជាជនកម្ពុជាមានជីវភាពធូរធារ

140


ភ្នំពេញ៖ សមាជិកការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin បានមើលឃើញថា ប្រជាជនកម្ពុជាមានជីវភាពធូរធារ មានសេដ្ឋកិច្ចកើនឡើង សង្គមកម្ពុជា កំពុងមានភាពសុខដុមរមនាមានសុខសន្តិភាព ជាពិសេសទំនាក់ទំនងកម្ពុជាចិន ជាមិត្តដែកថែប។ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃច័ន្ទទី២៩ ខែតុលា​ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោក លីហុង ហ្សុង (Li Hongzhong) សមាជិកការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin ប្រទេសចិន។

ក្នុងជំនួបនោះលោក Li Hongzhong បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយលោកក៏បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈនេះ លោកបានឃើញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជា មានជីវភាពធូរធារ ប្រទេសកម្ពុជា មានសេដ្ឋកិច្ចកើនឡើង សង្គមកម្ពុជា កំពុងមានភាពសុខដុមរមនា។ លើសពីនេះទៅទៀត លោកឃើញថា ប្រទេសកម្ពុជា កំពុងមានសុខសន្តិភាព និងស្ថិរភាពផងដែរ ដែលនេះគឺជាកត្តាដែលនាំឲ្យសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា បានទទួលនូវការឈ្នះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី ក្នុងពេលកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះលោក Li Hongzhong ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ក៏ដូចជា គណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋពីការបោះឆ្នោតកន្លងទៅថ្មីៗនេះ លើសពីនេះទៅទៀត លោកក៏បានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចតេជោផងដែរ។ លោកបានមានប្រសាសន៍ថា សម្ដេចតេជោ គឺជាមិត្តដែកថែបរបស់ចិន ហើយលោកក៏សូមសម្ដែង នូវការកោតសរសើរ ចំពោះគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញកន្លងមកនេះ លើសពីនេះទៅទៀត លោកក៏បានគោរពជម្រាបជូន សម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីជំរុញការផ្លាស់ប្ដូររវាងថ្នាក់ដឹកនាំ រវាងប្រជាជនចិន និងប្រជាជនកម្ពុជា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាសម្ដែងនូវការអបអរសាទរ ខួបលើកទី៦០ ឆ្នាំនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ និងជាពិសេសរវាងទីក្រុង Tianjin និងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Li Hongzhong ដែលបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកប្រធានាធិបតី ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រីចិនចំពោះសម្ដេច។ សម្តេចតេជោក៏បានអរគុណចំពោះការគាំទ្រ និងការកោតសរសើររបស់លោក Li Hongzhong ពីភាពជោគជ័យ របស់គណបក្សជាជនកម្ពុជា ក៏ដូចជា រូបសម្ដេចផ្ទាល់ ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតកន្លងមកនេះ។ សម្ដេចក៏អបអរសាទរចំពោះប្រជាជនចិន ដែលទើបតែសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ពានដែលវែងជាងគេបំផុត លើពិភពលោក ដែលមានប្រវែងប្រមាណជា ៥០គីឡូម៉ែតត្រ សម្ដេចបានមានប្រសាសន៍ថា ពីអតីតកាលចិន មានមហាកំផែងដ៏វែង ហើយនៅពេលនេះចិន ក៏មានស្ពានដ៏វែងមួយទៀត។

សម្តេចនាយករដ្ឋមន្រ្តី បានយល់ស្របចំពោះអ្វីដែល លោក Li Hongzhong បានលើកឡើង ពាក់ព័ន្ធទៅនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនងរវាងគណបក្សទាំងពីរផងដែរ ហើយសម្តេចក៏សម្តែង នូវការអបអរសាទរយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពរវាងទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានដំណើរការវិវត្តន៍ ជារៀងដរាបមក រហូតមកដល់ដំណាក់កាល ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយដែលមកដល់ពេលនេះ គឺជាមិត្តដែកថែប ថែមទៀតនោះ៕

អត្ថបទដែលជាប់ទាក់ទង